ឯកឧត្តម សូ វិសុទ្ធី បានដឹកនាំប្រតិភូ ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 នៅប្រទេសឡាវ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ ក.ប.ទ. គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងក្រុមហ៊ុនបច្ចេកវិទ្យាកម្ពុជាចំនួន៧ក្រុមហ៊ុន រួមមាន ក្រុមហ៊ុន Vireak Buntham (VET Digital) CheckInME PillTech DelightTech Morakot Technology UDAYA Technology និងVTENH ចូលរួមក្នុងកម្មវិធី Lao Digital Week 2025 ក្រោមអធិបតីភាពរបស់ឯកឧត្តម Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ឯកឧត្តមប្រធានាធិបតី ឯកឧត្តមរដ្ឋមន្រ្តី MTC និងឯកឧត្តម សូ វិសុទ្ធី ក៏បានអញ្ជើញទស្សនាស្ដង់របស់ក.ប.ទ. ដោយបានបង្ហាញអំពីផលិតផល ថ្នាល និងសេវាឌីជីថលល្អៗរបស់កម្ពុជាយើង។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី MTC បានសម្ដែងការគាំទ្រ និងជួយណែនាំក្រុមហ៊ុននៅក្នុងប្រទេសឡាវសហការ និងធ្វើជាដៃគូរជាមួយក្រុមហ៊ុននៅកម្ពុជា ព្រមទាំងសម្ដែងនូវការកោតសរសើរថ្នាលឌីជីថលនានារបស់កម្ពុជាដែលមានការរីកចម្រើន និងមានការវិវត្តយ៉ាងឆាប់រហ័ស។ បន្ថែមពីនេះ ក្រសួងទាំង២ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងតំបន់ និងការគាំទ្រយ៉ាងមុតមាំក្នុងការពង្រឹងភាពជាដៃគូ។


ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថល ថៃ អភិបាលខេត្តក្វាងស៊ី ចិន និងតំណាងប្រតិភូរបស់ប្រទេសវៀតណាម ព្រមទាំងថ្នាក់ដឹនាំ មន្ត្រីរាជការ នៃក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ឡាវ (MTC) ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





