អនុគណៈកម្មការព័ត៌មានអនាម័យសុខភាពផ្គត់ផ្គង់ទឹក និងភ្លើងបើកកិច្ចប្រជុំត្រៀមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
នៅសាលប្រជុំសាលាខេត្តសៀមរាប អនុគណៈកម្មការ ព័ត៌មាន អនាម័យ សុខភាព ផ្គត់ផ្គង់ទឹកនិងភ្លើង សម្រាប់រៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាននៅខេត្តសៀមរាប នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំរបស់ខ្លួនក្រោមការដឹកនាំពីសំណាក់លោក នាក់ ណេរ៉ុន និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញ។

ក្នុងកិច្ចប្រជុំពិភាក្សានោះ គ្រប់មន្ទីរ អង្គភាព ដែលជាសមាជិកនៃអនុគណៈកម្មការ ត្រូវលើកឡើងនូវរាល់ផែនការរបស់ខ្លួនដែលបានគ្រោងទុក ដើម្បីសហការជាមួយក្រុមគណៈកម្មការរៀបចំអង្គរសង្ក្រាន្ត (សហភាពសហព័ន្ធយុវជនកម្ពុជា) ដោយផ្តោតទៅលើការងាររៀបចំប្រព័ន្ធអគ្គិសនីសម្រាប់ផ្គត់ផ្គង់ ទីតាំងសម្រាប់ប្រចាំការរបស់សុខាភិបាល ការរៀបចំទីតាំងដាក់បង្គន់អនាម័យ ការរៀបចំប្រព័ន្ធទឹក និងការសម្អាតបរិស្ថាន ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយផងដែរ ទៅលើគោលដៅកម្សាន្តទាំង៤កន្លែង មាននៅមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ តាមដងស្ទឹងសៀមរាប និងតំបន់អង្គរឃ្យុងយូ កន្លែងប្រណាំងរទេះគោ ក្របី។
លោកអភិបាលរងខេត្តទាំងពីរ ដែលជាសហប្រធាននៃកិច្ចប្រជុំ បានជំរុញដល់គ្រប់មន្ទីរ អង្គភាពដែលទទួលភារកិច្ចទាំងនេះ ត្រូវខិតខំយកចិត្តទុកដាក់លើការងារមួយចំនួនក្នុងនោះ អង្គភាពអគ្គីសនី ត្រូវត្រួតពិនិត្យឱ្យបានត្រឹមត្រូវ នូវខ្សែបណ្តាញភ្លើង ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន។ ហើយមន្ទីរបរិស្ថាន ត្រូវរៀបចំឱ្យមានបង្គន់អនាម័យចល័តនៅតាមគោលដៅដែលបានកំណត់ ដែលបានលើកឡើង ទាំងការសម្អាតអនាម័យ បរិស្ថាន ព្រមទាំងការដឹកជញ្ជូនសំរាមជាដើម។ រីឯមន្ទីរសុខាភិបាលត្រូវធ្វើការត្រួតពិនិត្យនៅតាមគោលដៅកន្លែងប្រចាំការ និងក្រុមការងារសម្រាប់សង្រ្គោះបន្ទាន់ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន។ ចំណែកអង្គភាពរដ្ឋាករទឹក ត្រូវធ្វើការរៀបចំខ្សែបណ្តាញផ្គត់ផ្គត់ផ្គង់ទឹកស្អាត នៅគ្រប់គោលដៅមានបន្ទប់ទឹកនិងទឹកស្រោចស្រព ព្រមទាំងបង្កើនប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់មហាជនផងដែរ។

ប្រធានអង្គប្រជុំបានស្នើឱ្យអាជ្ញាធរក្រុងសៀមរាប ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ដែលស្ថិតនៅតាមបណ្តាដងវិថី ដែលត្រូវបានហាមឃាត់ធ្វើចរាចរណ៍ឆ្លងកាត់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើមី្បដាក់ពាក្យស្មើសុំបណ្ណសម្គាល់ ក្នុងការចេញចូល។ រីឯសុវត្ថិភាពតាមដងផ្លូវដែលសម្បូរដើមឈើធំៗ ដែលនៅពេលមានខ្យល់ ភ្លៀង តែងតែជួបប្រទះបញ្ហាបាក់មែកឈើងាប់ៗ បណ្តាឲ្យប៉ះពាល់ដល់យានយន្ត និងអ្នកដំណើរ ព្រមទាំងសុំឱ្យមន្ទីរដែលពាក់ព័ន្ធ ធ្វើការកាត់នូវរាល់មែកឈើទាំងនោះ ដើមី្បធានាសុវត្ថិភាពដល់ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរូម សាទរព្រឹត្តិការណ៍អង្គរសង្រ្គាន្តនេះ។

ទន្ទឹមនឹងនេះ លោក នាក់ ណេរ៉ុន ក៏បានបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានចងក្រងជាប្រវត្តិសាស្ត្រ ដើមី្បឆ្ពោះទៅការចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ហើយលោកសហប្រធាននឌកិច្ចប្រជុំរួបនេះ ក៏បានធ្វើការផ្តាំផ្ញើដល់មន្ទីរ អង្គភាព និង សមាជិកអនុគណៈកម្មការទាំងអស់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ដើមី្បលើកកិត្តិសយព្រះរាជាណាចក្រកម្ពុជា ក៏ដូចខេត្តសៀមរាប ដោយត្រូវអនុវត្តទៅតាមតួនាទី ជំនាញរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យ៕
ដោយ ហង្ស សៀក





