វគ្គបណ្ដុះបណ្ដាលស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសគ្រឹះស្ថានផលិតឥដ្ឋក្បឿង
AKP កំពង់ធំ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសគ្រឹះស្ថានផលិតឥដ្ឋក្បឿង ក្រោមអធិបតីភាពឯកឧត្តម វ៉េង ហៀង អនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមមកពី៨ខេត្ត តំណាងអភិបាលនៃគណៈអភិបាលខេត្ត-ស្រុក មេឃុំដែលមានសហគ្រាសគ្រឹះស្ថានផលិតឥដ្ឋក្បឿងនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក យស់ បញ្ញារិទ្ធ នាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ បានឡើងអានរបាយការណ៍ស្ដីពីសហគ្រាសគ្រឹះស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ក្នុងពេលបច្ចុប្បន្នដែលមានសហគ្រាសគ្រឹះស្ថានចំនួន៥៧៧ សហគ្រាសកម្មករនិយោជិតសរុបចំនួន១៥៤០៦នាក់ (ស្រី៥៩៣៤នាក់) ក្នុងនោះវិស័យសិប្បកម្មផលិតឥដ្ឋក្បឿង ៣៦សហគ្រាសកម្មករនិយោជិតសរុប១៧៤នាក់ (ស្រី៧៩នាក់) វិស័យកសិ-ឧស្សាហកម្ម២៥សហគ្រាស កម្មករនិយោជិតសរុប ១១៨៩៧នាក់ (ស្រី៤៧៧២នាក់)។
ឯកឧត្តម វ៉េង ហៀង បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ក្រសួងបានចុះផ្សព្វផ្សាយចំនួន៣៥៤លើក/ទីតាំងស្តីពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ក្នុងវិស័យវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសិប្បកម្មផលិតឥដ្ឋ និងកសិ-ឧស្សាហកម្ម។ បន្ថែមលើនេះទៀត ក្រសួងបានពង្រឹងការចុះយុទ្ធនាការស្តីពីការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋនិងវិស័យកសិ-ឧស្សាហកម្ម ជាបន្តបន្ទាប់។

ឯកឧត្តមបានបន្តថា ក្នុងស្មារតីនេះដើម្បីរួមចំណែកបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាសគ្រឹះស្ថានផលិតឥដ្ឋក្បៀង សូមស្នើនូវវិធានការមួយចំនួនដូចរួមមាន៖ ១. ជំរុញការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ (២០១៦-២០២៥) និងចាត់វិធានការឱ្យមានប្រសិទ្ធភាពដល់ការបង្ការទប់ស្កាត់ ការដកហូតការផ្តល់ជំនាញវិជ្ជាជីវៈ និងការស្តារនីតិសម្បទានិងការលើកកម្ពស់ការងារសមរម្យដល់កុមារដែលគ្រប់អាយុធ្វើការងារបានសំដៅសម្រេចបានចំណុចដៅរបស់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា ២០១៥-២០៣០ជាពិសេស យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ២. ជំរុញការរៀបចំផែនការសកម្មភាពស្តីពីការទប់ស្កាត់និងឆ្លើយតបនឹងការកេងប្រវ័ញ្ចាពលកម្មកុមារនិងអនុវត្តផែនការសកម្មភាពនេះឱ្យមានប្រសិទ្ធភាពនិងត្រូវរៀបចំឧបករណ៍ដើម្បីវាស់វែងពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារនិងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។៣. ពង្រឹងការអនុវត្តច្បាប់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលិខិតបទដ្ឋានផែនការនិងយុទ្ធសាស្ត្រជាតិ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងលិខិតូបករណ៍អន្តរជាតិពាក់ព័ន្ធស្តីពីការការពារកុមារការកាត់បន្ថយនិងការលុបបំបាត់ពលកម្មកុមារ ការកេងប្រវ័ញ្ច ពលកម្មកុមារកុមារគ្រប់រូបភាព។ ៤. សហការគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិលរួមគ្នាប្តេជ្ញាចិត្តបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញការរាយការណ៍ រហ័ស និងការចូលរួមត្រីភាគីបូកដើម្បីជំរុញយុទ្ធនាការសហគ្រាស មួយ ជាសហគមន៍សុខសាន្តមួយ ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ។ ៥. អំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមឬផ្សព្វផ្សាយ អំពីការទប់ស្កាត់ពលកម្ម កុមារ និងទប់ស្កាត់គ្រប់ស្ថានភាពនៃការរំលោភបំពានលើកុមារ ជាពិសេសនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់សិក្ខាកាមសូមត្រងត្រាប់ស្ដាប់ និងចាប់យកនូវខ្លឹមសារគន្លឹះពីការធ្វើបទបង្ហាញព្រមទាំងចូលរួមលើកជាគំនួរដល់វាគ្មិនឱ្យបានផុស ដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន៕
ដោយ ស៊ុម វណ្ណា





