នាយិកាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥--
លោកស្រី Jane Tay នាយិកាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ ប្រចាំប្រទេសកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅទីស្តីការក្រសួងកិច្ចការនារី កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

កិច្ចពិភាក្សាបានផ្តោតលើគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ១. ពិភាក្សាលើភាពជោគជ័យរបស់គម្រោង “លើកកម្ពស់សុខភាព និងហិរញ្ញវត្ថុសម្រាប់ស្ត្រី កម្ពុជា” ដែលឆ្លើយតបទៅនឹងចក្ខុវិស័យនៃកិច្ចសហការរវាងស្ថាប័នទាំងពីរ និងមានបំណងរួមគ្នាក្នុងការបង្កើនការយល់ដឹងដល់ស្ត្រី និងគ្រួសារ ស្តីពីជំងឺមហារីកស្បូន ជំងឺមហារីកសុដន មូលដ្ឋានគ្រឹះនៃអាហារូបត្ថម្ភ និងចំណេះដឹងក្នុងការធានាផ្នែកហិរញ្ញវត្ថុរយៈពេលវែង។ ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងលើកទឹកចិត្តឱ្យស្រ្តីទៅទទួលបានការពិនិត្យ និងផ្តល់រោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេលវេលា ដើម្បីទទួលបានឱកាសខ្ពស់ក្នុងការជាសះស្បើយ និងសង្គ្រោះជីវិត។ គម្រោងនេះបានអនុវត្តតាំងពីចុងឆ្នាំ ២០២២ ក្នុងខេត្តគោលដៅចំនួន៤ខេត្ត គឺខេត្តកំពត កំពង់ចាម សៀមរាប និងបាត់ដំបង ដែលមកទល់បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន ១៧ ០៧៨ នាក់ (ស្រ្តី ១៣ ២៣៣នាក់) បានទទួលការអប់រំផ្សព្វផ្សាយពីគម្រោង។ ២. ភាពជោគជ័យក្នុងការរៀបចំយុទ្ធនាការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ Fit For Hope ២០២៤ មានអ្នកចូលរួមចំនួន ២,១៣៥ នាក់ (ដោយផ្ទាល់ ៥៥៩នាក់ ស្រ្តី ៤៣១នាក់ និងតាមអនឡាញចំនួន ១៥៧៦នាក់ និង៣. យុទ្ធសាស្រ្តនៃកិច្ចសហការបន្តសម្រាប់ឆ្នាំ ២០២៥ ដោយពង្រីកសកម្មភាពគម្រោងទៅខេត្តចំនួន២ បន្ថែមទៀត និងការរៀបចំយុទ្ធនាការ Fit For Hope ២០២៥។

ក្នុងឱកាសនោះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានមានប្រសាសន៍គាំទ្រលើសកម្មភាពដែលបានអនុវត្តកន្លងមក និងជាពិសេស គឺគាំទ្រទាំងស្រុង ចំពោះការស្នើសុំពីលោកស្រី Jane Tay នាយិកាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ ប្រចាំប្រទេសកម្ពុជា ក្នុងការពង្រីកសកម្មភាពនេះ ទៅខេត្តចំនួន២ទៀត ព្រមទាំងស្នើសុំឱ្យក្រុមការងារថ្នាក់បច្ចេកទេសទាំង២ស្ថាប័ន រៀបចំឯកសារជាផ្លូវការ ដើម្បីបន្តការអនុវត្តសកម្មភាពប្រកបដោយភាពជោគជ័យ៕

ដោយ៖ ពេជ្រ សំអឿន





