ឯកឧត្តម ចាយ សាមិត្ត ចុះសួរសុខទុក្ខកងទ័ពអង្គភាពយោធភូមិភាគទី១ខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- នៅទីបញ្ជាការយោធភូមិភាគទី១ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងសហការី លោកឧកញ៉ា ឈុំ កុសល អគ្គនាយករង ក្រុមហ៊ុន អានម៉ាឌីគ្រុប ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយទីបញ្ជាការយោធភូមិភាគទី១ និងលោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានចុះសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាំយកនូវអំណោយទៅចែក ជូនយោធិនអង្គភាពចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី១ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី១ បានស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ភ្ញៀវកិត្តិយសទាំងអស់ និងបានធ្វើសេចក្តី រាយការណ៍សង្ខេបអំពីសកម្មភាពអនុវត្តភារកិច្ចការពារជាតិរបស់អង្គភាពយោធភូមិភាគទី១ នាពេលកន្លងមក ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពជើងគោក ដោយបានចាត់តាំងកម្លាំង ចេញការពារបូរណភាព ទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ឡាវ កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រដែលអង្គភាពទទួលខុសត្រូវដែលបច្ចុប្បន្នកម្លាំង យើងកំពុងឈរជើងការពារយ៉ាងរឹងមាំលើភូមិសាស្ត្រ។ អង្គភាពបានចាត់តាំងកម្លាំងប្រចាំការ ប្រចាំបញ្ជា និងកម្លាំងត្រៀមប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង។ ចាត់តាំងកម្លាំង រួមសហការជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ទប់ស្កាត់រាល់ អំពើចោរកម្ម ឃាតកម្ម គ្រឿងញៀន និង អំពើអនាធិបតេយ្យគ្រប់រូបភាព ជាពិសេស ទប់ស្កាត់ និងបង្ក្រាប ការកាប់ទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិដោយខុសច្បាប់់ រក្សាការពារ សន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ រស់នៅ ប្រកបដោយ ភាពសុខសាន្ត។

ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ តំណាងឱ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទូទាំងអង្គភាពយោធភូមិភាគទី១ ប្តេជ្ញាការពារនូវសុខសន្តិភាព ស្ថិរភាព និង សណ្តាប់ធ្នាប់សង្គម ទោះក្នុងតម្លៃណាក៏ដោយ។ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងបីតែងតែយកចិត្តទុក ដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ពគ្រប់ពេលវេលា។

ឯកឧត្តមបានសម្ដែងមនោសញ្ចេតនានឹករលឹក និងកោតសរសើរចំពោះគំរូវីរភាពដ៏អង់អាចក្លាហាន របស់បងប្អូនកងទ័ពយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ការពារជាតិ ការពារបូរណ ភាពទឹកដី ការពារដាច់ខាតនូវរដ្ឋធម្មនុញ្ញ ការពារស្ថាប័នព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត រួមចំណែកស្តារ និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរុងរឿងដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានថ្លែងអំណរគុណជាពន្លឹកចំពោះគំនិតផ្តួចផ្តើមប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបង្កើតឡើងនូវវប្បធម៌នៃសិល្បៈ ចែករំលែក ដោយបានបង្កលក្ខណៈឱ្យបណ្តាក្រសួងស្ថាប័នស៊ីវិល មានលទ្ធភាព ចូលរួមក្នុង ចលនា ពង្រឹងខឿនការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពរឹងមាំខ្លាំងក្លា ស្របតាមទិសស្លោក (ទាំងអស់គ្នា ដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា)។

ឯកឧត្តម ចាយ សាមិត្ត តំណាងឱ្យឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្តី្រក្រសួងបរិស្ថាន និងក្នុងនាមមន្រី្តរាជការក្រសួងបរិស្ថាន បាននាំយកនូវអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមមាន អង្ករ១០០បាវ ស្មើ៥តោន មីម៉ាម៉ា ១០០កេស ប្រេងឆា ២៥កេស ទឹកស៊ីអ៊ីវ ៥០យួរ ទឹកត្រី ៥០យួរ ត្រីខ១០កេសធំ ទឹកដោះគោខាប់ ២០កេស ស្ករស១០០គីឡូ ប៊ីចេង១៣០ថង់ ខ្ទឹមស១៣០គីឡូ អំបិល២៥០គីឡូ ឆៃប៉ូវ២០០គីឡូ ទឹកក្រូចចម្រុះ៥០កេស ទឹកសុទ្ធ៥០កេស ខោអាវស៊ីវិល១០២៤សម្រាប់ ម៉ាស៊ីនព្រីធ័រ១គ្រឿង ម៉ូតូម៉ាកវ៉េវ១០ គ្រឿង និងថវិកាចំនួន៤០លានរៀលផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





