សហគមន៍កសិកម្មទំនើប ស្វាយចន្ទីទំរីងកំពង់ធំ លក់គ្រាប់ស្វាយចន្ទីលើកទី១ចំនួន៦តោន ឱ្យក្រុមហ៊ុន Santana Agro Products
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- អបអរសាទរដល់បងប្អូនកសិករនៃសហគមន៍កសិកម្មទំនើបស្វាយចន្ទីទំរីងកំពង់ធំ សម្រាប់ការដឹកជញ្ជូនលក់គ្រាប់ស្វាយចន្ទីជើងទីមួយចំនួន៦តោន ទាំងយប់ទៅកាន់ក្រុមហ៊ុន Santana Agro Products ប្រកបដោយជោគជ័យ។ នេះគឺជាផ្នែកមួយនៃកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន ៣០០ តោន ដែលសហគមន៍របស់យើងទើបបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនកាលពីពេលថ្មីៗនេះ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ថា គ្រាប់ស្វាយចន្ទីមកពីទំរីង គឺជាតំបន់ដែលមានភាពល្បីល្បាញខាងផ្នែកគុណភាព ហើយក្រុមហ៊ុនហ៊ានផ្តល់តម្លៃបន្ថែម១០០ រៀលក្នុង១គីឡូក្រាម លើតម្លៃ ៥ ៧០០ រៀលក្នុង១គីឡូក្រាម ជូនដល់សហគមន៍សម្រាប់លក្ខណៈពិសេសនេះ ដែលមានកម្រិតជាតិសាច់រហូតដល់ទៅ២៨,៥ភាគរយជាមួយនឹងការទូទាត់សាច់ប្រាក់ភ្លាមៗ។ បន្ទាប់ពីការប្រគល់ទទួលគ្រាប់ស្វាយចន្ទីសាកល្បងលើកនេះរួចហើយ សហគមន៍នឹងធ្វើការដឹកជញ្ជូនជាបន្តបន្ទាប់ទៀតរហូតដល់គ្រប់បរិមាណដែលបានចុះកិច្ចសន្យា។

សូមបញ្ជាក់ថា ៥ ៨០០រៀលក្នុង១គីឡូក្រាម គឺជាតម្លៃខ្ពស់ជាងតម្លៃទីផ្សារជាក់ស្តែងក្នុងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ទៅ៤០០រៀលក្នុង១គីឡូក្រាម ដោយសារតែក្រុមហ៊ុន Santana បានគោរពកិច្ចសន្យារបស់ខ្លួន ទោះបីជាមានការធ្លាក់ចុះតម្លៃគ្រាប់ស្វាយចន្ទីភ្លាមៗ ពី ៥ ៧០០ រៀលក្នុង១គីឡូក្រាម មក ៥ ៤០០ រៀលក្នុង១គីឡូក្រាម ក៏ដោយ៕


ដោយ ណយ នឿន





