អង្គការសុខភាពពិភពលោកស្វែងរកមូលនិធិបន្ទាន់សម្រាប់មីយ៉ាន់ម៉ា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- អង្គការសុខភាពពិភពលោក(WHO) បាននិយាយកាលពីពេលថ្មីៗនេះថា ការរញ្ជួយដីនៅមីយ៉ាន់ម៉ា គឺជាគ្រាអាសន្នកម្រិតកំពូល ហើយខ្លួនស្វែងរកជាបន្ទាន់នូវទឹកប្រាក់ចំនួន ៨លានដុល្លារអាម៉េរិក ដើម្បីជួយសង្គ្រោះជីវិត និងការពារការផ្ទុះឡើងនៃជំងឺនៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះក្នុងរយៈពេល ៣០ថ្ងៃខាងមុខ។
នៅក្នុងការអំពាវនាវភ្លាមៗមួយរបស់ខ្លួនសម្រាប់មូលនិធិនេះ អង្គការ WHO បាននិយាយថា ចំនួនអ្នកស្លាប់ និងរងរបួស គឺមានហានិភ័យខ្ពស់នៃការឆ្លងដោយសារតែសមត្ថភាពវះកាត់នៅមានកម្រិតនៅក្នុងប្រទេសនេះជាមួយនឹងលក្ខខណ្ឌមូលដ្ឋាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានន័យថាការរញ្ជួយដីនេះទំនងជាបង្កើនហានិភ័យនៃជំងឺ។
អង្គការសុខភាពពិភពលោកបានចាត់ថ្នាក់វិបត្តិនេះថាជាគ្រាអាសន្នថ្នាក់ទី៣ ដែលជាកម្រិតខ្ពស់បំផុតនៃការធ្វើឱ្យសកម្មនៅក្រោមក្របខណ្ឌឆ្លើយតបគ្រាអាសន្នរបស់ខ្លួន។
យោងតាមទីភ្នាក់ងារនេះ បានឱ្យដឹងថា នៅក្នុងប្រទេសមីយ៉ាន់ម៉ាការវាយតម្លៃបឋមបានបង្ហាញពីចំនួនខ្ពស់នៃអ្នកស្លាប់ និងរបួសទាក់ទងនឹងរបួស ជាមួយនឹងតម្រូវការបន្ទាន់សម្រាប់ការថែទាំសង្គ្រោះបន្ទាន់។ ការផ្គត់ផ្គង់អគ្គិសនី និងទឹកនៅតែត្រូវបានរំខាន ដែលធ្វើឱ្យលទ្ធភាពទទួលបានសេវាសុខភាពកាន់តែអាក្រក់ និងបង្កើនហានិភ័យនៃការរាតត្បាតជំងឺដែលឆ្លងតាមទឹក និងអាហារ។
របួសដែលទាក់ទងនឹងនឹងការបាក់ឆ្អឹង និងរបួសបើកចំហ មានហានិភ័យខ្ពស់នៃការឆ្លងមេរោគ និងផលវិបាកដោយសារតែសមត្ថភាពវះកាត់មានកម្រិត ហើយការការពារ និងការគ្រប់គ្រងការឆ្លងមេរោគនៅមិនទាន់មានលក្ខណៈល្អគ្រប់គ្រាន់។
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនត្រូវការថវិកាចំនួន៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការសុខភាពបន្ទាន់ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ ដើម្បីសង្គ្រោះជីវិត ការពារជំងឺ និងស្តារសេវាសុខភាពសំខាន់ៗឡើងវិញ។ ទីភ្នាក់ងារនេះបានកត់សម្គាល់ថា បើគ្មានមូលនិធិភ្លាមៗនេះទេ ជីវិតមនុស្សមួយចំនួននឹងត្រូវបាត់បង់ ហើយប្រព័ន្ធសុខភាពនឹងមានការធ្លាក់ចុះខ្លាំង។
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





