អាស៊ានចូលរួមជាមួយមីយ៉ាន់ម៉ា និងថៃ ដើម្បីដោះស្រាយបញ្ហាការរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ីបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេសមួយកាលពីថ្ងៃទី៣០ ខែមីនា ដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារមីយ៉ាន់ម៉ា និងថៃ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ម៉ូហាម៉ាដ ហាសាន់ (Mohamad Hasan) បានធ្វើជាប្រធានកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនោះ ដែលមានការចូលរួមដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន ឬអ្នកតំណាងរបស់ពួកគេ ហើយក៏មានការចូលរួមពីឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ ដែលបានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសម៉ាឡេស៊ីបាននិយាយថា កិច្ចប្រជុំនោះបានឆ្លុះបញ្ចាំងពីការឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។
បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន បានរំលឹកឡើងវិញនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតអាសូរចំពោះមីយ៉ាន់ម៉ា និងថៃ ជាពិសេសចំពោះជនរងគ្រោះ ក្រុមគ្រួសាររបស់ពួកគេ និងអ្នកផ្សេងទៀតទាំងអស់ដែលរងផលប៉ះពាល់ដោយសោកនាដកម្មនេះ។
ពួកគេបានអះអាងសារជាថ្មីនូវការគាំទ្រ និងសាមគ្គីភាពដ៏រឹងមាំជាមួយប្រទេសទាំងពីរ ដោយបានសង្កត់ធ្ងន់ថា គ្រួសារអាស៊ានមានគោលជំហរយ៉ាងរឹងមាំជាមួយមីយ៉ាន់ម៉ា និងថៃក្នុងការផ្លាស់ប្តូរឆ្ពោះទៅមុខដើម្បីដោះស្រាយផលប៉ះពាល់នៃគ្រោះរញ្ជួយដី។
ក្រៅពីនេះ ពួកគេបានព្រមព្រៀងគ្នាថា រដ្ឋមន្ត្រីការបរទេសថៃ និងម៉ាឡេស៊ីនឹងបំពេញទស្សនកិច្ចមនុស្សធម៌នៅមីយ៉ាន់ម៉ានៅថ្ងៃទី០៥ខែមេសាខាងមុខនេះ។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា អាស៊ាននឹងបន្តកៀរគរជំនួយមនុស្សធម៌ ដែលនឹងត្រូវបានសម្របសម្រួលដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ចំពោះការគ្រប់គ្រងគ្រោះមហន្តរាយ (AHA) ជាមួយនឹងព័ត៌មានថ្មីៗជាប្រចាំពីអគ្គលេខាធិការអាស៊ាន។ សោកនាដកម្មនេះបានបង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការត្រៀមខ្លួន និងការទប់ទល់នឹងគ្រោះមហន្តរាយក្នុងតំបន់កាន់តែប្រសើរឡើង៕ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





