ថៃបើកការស៊ើបអង្កេតទៅលើការដួលរលំអគារនៅទីក្រុងបាងកក បន្ទាប់ពីមានគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- អាជ្ញាធរថៃបានបើកការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃការដួលរលំអគារដែលមានកម្ពស់៣០ជាន់នៅសង្កាត់ចាតុចាក់ក្នុងទីក្រុងបាងកក បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។
វាជាអគារតែមួយគត់ក្នុងទីក្រុងបាងកកដែលបានបាក់រលំដោយសារការរញ្ជួយដី។
ក្រុមការងារស៊ើបអង្កេតមួយមកពីក្រសួងឧស្សាហកម្ម បានប្រមូលសំណាកសម្ភារៈសំណង់ពីទីតាំងអគារការិយាល័យសវនកម្មរដ្ឋ (SAO) ដែលបានដួលរលំនៅក្នុងសង្កាត់ចាតុចាក់នោះ។
លោក ពង្សប៉ុល យ៉ូដមួងចារើន (Pongpol Yodmuangcaroen)លេខាធិការក្រសួងឧស្សាហកម្មថៃ បាននិយាយថា ក្រុមការងារកំពុងផ្តោតសំខាន់ទៅលើគុណភាពនៃរបារដែកដែលបានប្រើប្រាស់ក្នុងការទ្រទ្រង់បេតុង ធ្នឹម និងរចនាសម្ព័ន្ធគ្រឹះ ជាពិសេសដោយសារតែរបារដែកដែលមិនមានស្តង់ដារអាចនាំឱ្យមានការដួលរលំ។
ឧបនាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានុទីន ចាន់វីរៈគុណ (Anutin Charnvirakul) ដែលទទួលបន្ទុកប្រតិបត្តិការជួយសង្គ្រោះរបស់រដ្ឋាភិបាលនៅកន្លែងកើតហេតុនោះបាននិយាយថាការស៊ើបអង្កេតមួយកំពុងដំណើរការដើម្បីកំណត់ជាមុនថា តើការរចនាអគារនោះត្រឹមត្រូវតាមស្តង់ដារដែរឬទេ។
លោក អានុទីន បាននិយាយថា ទាំងក្រុមហ៊ុនថៃ និងចិននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែករួមមាន ក្រុមហ៊ុនអភិវឌ្ឍន៍អ៊ីតាលី-ថៃ ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិសកវកម្មផ្លូវដែកចិនលេខ១០ដែលកំពុងសាងសង់អគារនោះ នឹងត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការដួលរលំ និងផលវិបាករបស់វា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





