ធនាគារថៃដាក់ចេញវិធានការដើម្បីជួយដល់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោក អានុគុណ ព្រឹកសានុសាក់ (Anukul Prueksanusak) បាននិយាយកាលពីថ្ងៃទី៣១ ខែមីនាថា ធនាគារគ្រប់គ្រងដោយរដ្ឋចំនួនប្រាំបីរបស់ប្រទេសថៃ បានដាក់ចេញនូវវិធានការផ្តល់ជំនួយសង្គ្រោះសម្រាប់ជនរងគ្រោះដោយសារការរញ្ជួយដី រួមទាំងការព្យួរការសងបំណុល និងប្រាក់កម្ចីដែលមានការប្រាក់ទាប។
ស្ថាប័នហិរញ្ញវត្ថុទាំងនោះរួមមាន ធនាគារលំនៅឋានរដ្ឋាភិបាល(GHB) ធនាគារអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (SME D Bank) ធនាគារសាជីវកម្មធានាឥណទានថៃ (TCG) ធនាគារនាំចេញ-នាំចូលថៃ(Exim Bank) ធនាគារកសិកម្ម និងសហករណ៍កសិកម្ម (BAAC) ធនាគារសន្សំរដ្ឋាភិបាល (GSB) ធនាគារឥស្លាមថៃ (IBank) និងធនាគារក្រុងថៃ។
វិធានការហិរញ្ញវត្ថុនោះ គឺសម្រាប់ទាំងបុគ្គល និងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារការរញ្ជួយដី ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ពួកគេនិងជួយពួកគេក្នុងការរក្សាជីវភាពរស់នៅ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ ធនាគារទាំងនោះកំពុងពន្លឿនកម្មវិធីនេះដើម្បីគ្របដណ្តប់ទៅលើគ្រប់ក្រុមទទួលផលទាំងអស់។
ទន្ទឹមនឹងនេះដែរ យោធាថៃបានប្រកាសថា ខ្លួនបានដាក់ពង្រាយកងទាហានជាង ១.០០០នាក់ គ្រឿងចក្រធុនធ្ងន់ និងរថយន្តស្ទូចដើម្បីប្រតិបត្តិការជួយសង្គ្រោះនៅក្នុងទីក្រុងបាងកក។
យោងតាមតួលេខចុងក្រោយ បានឱ្យដឹងថា មនុស្សចំនួន ៧៨នាក់នៅតែបន្តបាត់ខ្លួន ដែលភាគច្រើនពួកគេស្នាក់នៅក្នុងអគារដែលដួលរលំតែមួយគត់នៅក្នុងប្រទេសថៃ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់១៨នាក់។ ជនរងគ្រោះភាគច្រើនជាកម្មករសំណង់នៅក្នុងការដ្ឋានអគារដែលបានដួលរលំនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





