ចំនួនអ្នកស្លាប់នៅថៃកើនដល់ ១៩នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- កងកម្លាំងជួយសង្គ្រោះថៃបានរាយការណ៍កាលពីថ្ងៃទី៣១ ខែមីនាថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសថៃដោយសារឥទ្ធិពលនៃគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រដែលបានអង្រួនប្រទេសមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ បានកើនឡើងដល់ ១៩នាក់ហើយបន្ទាប់ពីសាកសពម្នាក់ទៀតត្រូវបានរកឃើញ។
ក្រុមជួយសង្គ្រោះស្ម័គ្រចិត្តរបស់ថៃបានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សាកសពមួយផ្សេងទៀតត្រូវបានទាញចេញពីទីតាំងនៃអគារខ្ពស់ដែលបានដួលរលំនៅក្នុងទីក្រុងបាងកក។
ការរញ្ជួយដីដ៏សាហាវនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបង្កឱ្យមានការរញ្ជួយយ៉ាងខ្លាំងនៅទីក្រុងបាងកកដែលមានចម្ងាយប្រហែល១.០០០គីឡូម៉ែត្រភាគខាងត្បូងនៃចំណុចកណ្តាល។ ខេត្តមួយចំនួនទៀតរបស់ប្រទេសថៃក៏រងផលប៉ះពាល់ផងដែរ។
ទោះបីជាមានការរញ្ជួយដីដ៏ខ្លាំងក៏ដោយ ក៏ក្រសួងទេសចរណ៍និងកីឡារបស់ប្រទេសថៃបានប្រកាសកាលពីថ្ងៃទី៣១ ខែមីនាថា ខ្លួននៅតែរក្សាការព្យាកររបស់ខ្លួនសម្រាប់ការទៅដល់របស់ភ្ញៀវទេសចរបរទេសចំនួន៣៨លាននាក់នៅក្នុងឆ្នាំនេះ។
លោក សូរ៉ាវង្ស ធៀនថង (Sorawong Thienthong) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃបាននិយាយថា ផលប៉ះពាល់នៃការរញ្ជួយដីនេះត្រូវបានកម្រិត និងមានរយៈពេលខ្លី ដោយលោកបាននិយាយបន្ថែមថា ការកក់បន្ទប់សណ្ឋាគារជាង១.០០០ ត្រូវបានលុបចោលចាប់តាំងពីការរញ្ជួយដីនៅកណ្តាលប្រទេសមីយ៉ាន់ម៉ាបានវាយប្រហារទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែមីនា។
នៅថ្ងៃទី៣០ ខែមីនា អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសថាប្រទេសនេះនឹងបន្តរៀបចំពិធីបុណ្យសង្រ្កានប្រពៃណីរបស់ខ្លួនតាមការគ្រោងទុកនៅក្នុងខែមេសា ដោយសារតែការរញ្ជួយដីដ៏ខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរញ្ជួយដីនៅទីក្រុងបាងកកមិនបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ប្រទេសថៃនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





