ប្រព័ន្ធទូទាត់ និងអាជីវកម្មរបស់ប្រទេសថៃដំណើរការជាធម្មតាបន្ទាប់ពីមានគ្រោះរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- យោងតាមធនាគារកណ្តាលថៃ (BoT) បានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធនៃការទូទាត់ហិរញ្ញវត្ថុ និងក្រុមហ៊ុនធុរកិច្ចរបស់ប្រទេសថៃ នៅតែមិនរងផលប៉ះពាល់បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបានធ្វើឱ្យមានការរញ្ជួយពេញទីក្រុងបាងកកកាលពីថ្ងៃទី២៨ ខែមីនា។
អភិបាលរងធនាគារ BoT លោក រូង ម៉ាល់លីកាម៉ាស់ (Roong Mallikamas) បាននិយាយកាលពីថ្ងៃទី៣១ ខែមីនា ដោយពណ៌នាអំពីផលប៉ះពាល់នោះថាជាការភ្ញាក់ផ្អើលរយៈពេលខ្លី ដោយស្ថាប័នហិរញ្ញវត្ថុបន្តផ្តល់សេវាកម្មជាធម្មតាសម្រាប់អតិថិជនលក់រាយ និងសាជីវកម្ម។
សហព័ន្ធឧស្សាហកម្មថៃបានបញ្ជាក់ថា ការផលិត និងការនាំចេញមិនមានផលប៉ះពាល់ទេ ខណៈដែលពាណិជ្ជកម្មតាមព្រំដែនថៃ-មីយ៉ាន់ម៉ានៅតែមានលក្ខណៈធម្មតា។
លោក អាសាដេច គង់ស៊ីរី (Asadej Kongsiri) ប្រធានផ្សារហ៊ុនថៃបាននិយាយថា មូលដ្ឋានគ្រឹះរបស់ក្រុមហ៊ុនចុះបញ្ជីនៅតែមានភាពរឹងមាំហើយអាជីវកម្មកំពុងគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព។
គណៈកម្មការមូលបត្រថៃធានាថា ប្រព័ន្ធជួញដូរនៅតែដំណើរការពេញលេញ។ ទន្ទឹមនឹងនេះដែរ ការិយាល័យគណៈកម្មការធានារ៉ាប់រងបាននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងនៅមានភាពរឹងមាំនិងអាចទប់ទល់នឹងផលប៉ះពាល់ហិរញ្ញវត្ថុនៃអគារដែលបានដួលរលំ និងការរញ្ជួយដី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VN





