ឡាវបញ្ជូនមន្ត្រី ៣៣នាក់ទៅមីយ៉ាន់ម៉ាដើម្បីជួយសង្គ្រោះគ្រោះរញ្ជួយដី
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិឡាវ នៅរសៀលថ្ងៃទី៣១ ខែមីនា បានបញ្ជូនក្រុមឆ្លើយតបគ្រាអាសន្នដែលមានសមាជិកចំនួន ៣៣នាក់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីថ្ងៃទី២៨ ខែមីនា។
ក្រុមជួយសង្រ្គោះដែលដឹកនាំដោយអនុប្រធានការិយាល័យអគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ លោក ប៉ាតតាណា ប៊ូទីចាក(Pattana Bouttichak) នោះមានមន្ត្រីចំនួន ៣៣នាក់ ដែលភាគច្រើនមកពីអង្គភាពវិស្វកម្ម និងពេទ្យយោធា។ ពួកគេបាននាំយកទៅជាមួយនូវឧបករណ៍សង្គ្រោះសំខាន់ៗ និងសម្ភារៈពេទ្យ។
ការចូលរួមរបស់ប្រទេសឡាវនៅក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនេះ មិនត្រឹមតែជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការជំនះការលំបាកក្រោយការរញ្ជួយដីដើម្បីវិលទៅរកជីវភាពធម្មតាវិញក្នុងពេលឆាប់ៗនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសាមគ្គីភាព ក្តីមេត្តា និងស្មារតីទទួលខុសត្រូវអន្តរជាតិរបស់ប្រទេសឡាវផងដែរ។
កាលពីថ្ងៃទី៣១ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ាបានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.០៦៥នាក់ ខណៈដែលមនុស្សជាង ៣.៩០០នាក់បានរងរបួស និងជាង ២៧០នាក់កំពុងបាត់ខ្លួន។រដ្ឋាភិបាលយោធាបានប្រកាសការកាន់ទុក្ខជាតិរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី៣១ ខែមីនា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





