ទំហំនៃការបំផ្លិចបំផ្លាញដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ាមិនទាន់ច្បាស់លាស់នៅឡើយ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- អង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិបានរាយការណ៍ថា ពួកគេនៅតែមិនទាន់អាចកំណត់បានអំពីទំហំពេញលេញនៃការបំផ្លិចបំផ្លាញពីការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនាកន្លងមក ដោយបានព្រមានថា គ្រោះមហន្តរាយនេះអាចធ្វើឱ្យភាពអត់ឃ្លាន និងជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗនៅក្នុងប្រទេសនេះដោយមានប្រជាជនប្រមាណជិត២០លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌មុនពេលមានគ្រោះរញ្ជួយដីទៅទៀត។
អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមានរបាយការណ៍នៃការបំផ្លិចបំផ្លាញមន្ទីរពេទ្យចំនួន៣ និងមន្ទីរពេទ្យចំនួន២២មានការខូចខាតផ្នែកខ្លះ ក្នុងចំណោមអគារជាង ១០.០០០បានដួលរលំ ដោយការបំផ្លិចបំផ្លាញធ្ងន់ធ្ងរជាងគេនៅភាគកណ្តាល និងភាគពាយព្យនៃប្រទេសមីយ៉ាន់ម៉ា។
ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគណៈកម្មាធិការសង្គ្រោះអន្តរជាតិ បានឱ្យដឹងថា ទំហំពិតនៃការបំផ្លិចបំផ្លាញនៅតែមិនទាន់ច្បាស់លាស់នៅក្នុងដំណាក់កាលនេះ ជាមួយនឹងរបាយការណ៍ដែលមិនបានបញ្ជាក់ដែលថា ៨០% នៃរចនាសម្ព័ន្ធនៅក្នុងទីក្រុងមួយនៅជិតទីក្រុងមេនដាឡេត្រូវបានបំផ្លាញ។
ការវិភាគតាមបញ្ញាសិប្បនិម្មិត (AI) នៃរូបភាពផ្កាយរណបនៃទីក្រុងមេនដាឡេ ដោយ AI របស់ក្រុមហ៊ុនម៉ាយក្រូសូហ្វ (Microsoft) បានបង្ហាញអគារចំនួន៥១៥ មានការខូចខាតពី ៨០% ទៅ ១០០% និងអគារចំនួន១.៥២៤ ផ្សេងទៀតមានការខូចខាតពី ២០% ទៅ ៨០%។ វាមិនទាន់ច្បាស់ទេថា តើការខូចខាតជាភាគរយនៃអគារទាំងនោះជាការខូចខាតផ្នែកអ្វីខ្លះនោះទេ។
កាលពីថ្ងៃទី៣១ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានដកស្រង់សម្តីមេដឹកនាំរដ្ឋាភិបាលយោធាជាន់ខ្ពស់ លោក មីន អោងឡាំង (Min Aung Hlaing) ដែលបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ២.០៦៥នាក់ របួសជាង ៣.៩០០នាក់ និងប្រមាណ ២៧០នាក់កំពុងបាត់ខ្លួន។ ទីភ្នាក់ងារជំនួយបានព្យាករណ៍ថា ចំនួនទាំងនេះនឹងកើនឡើងបន្តទៀតដោយសារតែការដាច់ព័ត៌មាននៅក្នុងតំបន់ដាច់ស្រយាល។
ទន្ទឹមនឹងនេះដែរ សីតុណ្ហភាពពេលថ្ងៃនៅក្នុងប្រទេសមីយ៉ាន់ម៉ាលើសពី ៤០អង្សាសេស៊ុសដែលធ្វើឱ្យបុគ្គលិកជួយសង្គ្រោះមានការអស់កម្លាំងជាខ្លាំង។ អង្គការសុខភាពពិភពលោកបានប្រកាសការរញ្ជួយដីជាគ្រាអាសន្នកម្រិតខ្ពស់បំផុត និងបានអំពាវនាវរកជំនួយចំនួន ៨លានដុល្លារអាម៉េរិកខណៈដែលសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងសង្គមអឌ្ឍចន្ទក្រហមបានអំពាវនាវជំនួយជាង ១០០លានដុល្លារអាម៉េរិកដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេល ២៤ខែ ដោយបារម្ភថា ការរញ្ជួយដីនេះអាចបង្កើនហានិភ័យនៃគ្រោះទុរ្ភិក្ស និងជំងឺរាតត្បាត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





