ប្រធានទីភ្នាក់ងារសព្វាវុធធ្វើទស្សនកិច្ចនៅប្រទេសរ៉ូម៉ានី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- ការិយាល័យរបស់ប្រធានទីភ្នាក់ងារលទ្ធកម្មការពារជាតិរបស់រដ្ឋបាននិយាយកាលពីថ្ងៃចន្ទថា ប្រធានទីភ្នាក់ងារបានធ្វើទស្សនកិច្ចនៅប្រទេសរូម៉ានីកាលពីសប្តាហ៍មុនដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធ។
លោក សុក ជុងហ្គន់ (Seok Jong-gun) រដ្ឋមន្ត្រីនៃរដ្ឋបាលកម្មវិធីការពារជាតិ (DAPA) បានជួបជាមួយ លោក នីកូឡេតា ប៉ាវលីក (Nicoleta Pauliuc) ប្រធានគណៈកម្មាធិការការពារជាតិរបស់ព្រឹទ្ធសភារ៉ូម៉ានី ដើម្បីពិភាក្សាអំពីផែនការរបស់ប្រទេសនៅសហភាពអឺរ៉ុបក្នុងការទទួលបានផ្នែករឹងមាំលើវិស័យយោធាថ្មី។
ក្នុងអំឡុងពេលកិច្ចពិភាក្សា លោក សុកបានពន្យល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលក្នុងការចូលរួមលើគម្រោងរបស់ប្រទេសនេះដើម្បីទទួលបានរថពាសដែកប្រយុទ្ធថ្មើរជើងថ្មី និងរថក្រោះប្រយុទ្ធជាមួយនឹងរថពាសដែក Redback និងរថក្រោះ K2 ។ នេះបើយោងតាមរដ្ឋបាល DAPA ។
លោក សុក ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរ៉ូម៉ានី លោក ប៊ុហ្គដាន់ ហ្គ្រូអៀ អ៊ីវ៉ាន់ (Bogdan-Gruia Ivan) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធលើនាវាចម្បាំង និងបច្ចេកវិទ្យាទំនើប។
រដ្ឋបាល DAPA បាននិយាយថា លោក អ៊ីវ៉ាន់ បានបង្ហាញក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនការពារជាតិ និងផលិតកប៉ាល់របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីបង្កើនសន្តិសុខនៃតំបន់សមុទ្រខ្មៅ និងឧស្សាហកម្មផលិតកប៉ាល់របស់ខ្លួន ដែលលោក សុក បានយល់ព្រមធ្វើកិច្ចចរចានៅក្នុងតំបន់។
ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មអាវុធនាពេលថ្មីៗនេះ បន្ទាប់ពីក្រុមហ៊ុន Hanwha Aerospace របស់ប្រទេសកូរ៉េខាងត្បូងបានឈ្នះការបញ្ជាទិញចំនួន ១,៣៨ទ្រីលានវ៉ុន (៩៤០លានដុល្លារអាម៉េរិក) ពីប្រទេសរូម៉ានីកាលពីឆ្នាំមុន ដើម្បីផ្គត់ផ្គង់រថក្រោះ K9 និងរថយន្តផ្គត់ផ្គង់គ្រាប់រំសេវ K10៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





