ក្រុមហ៊ូធីរាយការណ៍ពីការវាយប្រហារតាមផ្លូវអាកាសថ្មីៗរបស់សហរដ្ឋអាមេរិក រាប់សិបលើកនៅភាគខាងជើងប្រទេសយេម៉ែន
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- ក្រុមហ៊ូធីបានរាយការណ៍កាលពីថ្ងៃអង្គារថា កងកម្លាំងសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសចំនួន ២២លើកលើគោលដៅរបស់ខ្លួននៅក្នុងខេត្តសាណាអាSanaa និងខេត្តសាអាដា ភាគខាងជើងប្រទេសយេម៉ែន ក្នុងរយៈពេលជាច្រើនម៉ោងកន្លងមកនេះ។
យោងតាមសេចក្តីថ្លែងការណ៍ខ្លីមួយដែលផ្សាយដោយទូរទស្សន៍Houthi-run al-Masirah បានឱ្យដឹងថា ការវាយប្រហារតាមអាកាសចំនួន៥លើកនៅពេលព្រឹកព្រលឹមបានកំណត់គោលដៅលើតំបន់ Jarban ក្នុងស្រុកសានហាន ភាគអាគ្នេយ៍នៃខេត្តសាណាអា ខណៈដែល ២លើកផ្សេងទៀតបានវាយប្រហារលើស្រុកបានីម៉ាតា ភាគខាងលិច។
សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមទៀតថា ខេត្តសាណាអាដែលជាបន្ទាយរឹងមាំរបស់ក្រុមនេះត្រូវបានទទួលរងការវាយប្រហារតាមអាកាសចំនួន ១៥លើករបស់សហរដ្ឋអាមេរិកពេញមួយយប់ ប៉ុន្តែមិនបានបង្ហាញពីទីតាំងជាក់លាក់ដែលបានកំណត់គោលដៅនោះទេ។
យោងតាមអ្នកស្រុក និងអាជ្ញាធរសុខាភិបាលក្នុងតំបន់ បានឱ្យដឹងថា ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកបានសម្លាប់មនុស្ស ២នាក់ និងរបួសកុមារម្នាក់នៅស្រុកបានីកាស ក្នុងខេត្តហាចចាហ៍ ភាគពាយ័ព្យនៃប្រទេសយេម៉ែនកាលពីថ្ងៃចន្ទ។
យោធាសហរដ្ឋអាមេរិកបានបន្តការវាយប្រហារតាមផ្លូវអាកាសលើតំបន់ដែលកាន់កាប់ដោយក្រុមហ៊ូធីនៅភាគខាងជើងប្រទេសយេម៉ែនចាប់តាំងពីថ្ងៃទី១៥ ខែមីនា ក្នុងគោលបំណងរារាំងក្រុមនេះពីការវាយប្រហារលើគោលដៅរបស់អ៊ីស្រាអែល កងទ័ពជើងទឹកអាមេរិក និងផ្លូវដឹកជញ្ជូនអន្តរជាតិនៅក្នុងតំបន់។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្តេជ្ញាកាលពីថ្ងៃចន្ទថា ការវាយប្រហារលើក្រុមហ៊ូធីរបស់ប្រទេសយេម៉ែននឹងបន្តរហូតដល់ពួកគេលែងជាការគំរាមកំហែងដល់នាវារបស់សហរដ្ឋអាមេរិកតទៅទៀត។
លោក ត្រាំ បាននិយាយនៅលើវេទិកាសង្គម Truth Social របស់លោកថា «ជម្រើសសម្រាប់ក្រុមហ៊ូធី គឺច្បាស់ណាស់បញ្ឈប់ការបាញ់ប្រហារលើនាវារបស់សហរដ្ឋអាមេរិក ហើយយើងនឹងបញ្ឈប់ការបាញ់ប្រហារមកលើអ្នក» ដោយលោកបានប្រកាសថា ក្រុមហ៊ូធីត្រូវបាន «បំផ្លាញ» ដោយការវាយប្រហារមិនឈប់ឈរក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





