បង់ក្លាដែសបញ្ជូនបេសកកម្មជំនួយសង្គ្រោះលើកទីពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសបង់ក្លាដែសបានបញ្ជូនបេសកកម្មលើកទី២ ចំពោះឱសថសង្គ្រោះបន្ទាន់ និងជំនួយសង្គ្រោះកាលពីថ្ងៃអង្គារដល់ជនរងគ្រោះដោយការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមលោក អាប៊ុល កាឡាម អាហ្សាដ ម៉ាជុមដឺ (Abul Kalam Azad Majumder) អនុលេខាធិការផ្នែកសារព័ត៌មាននៃទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បានឱ្យដឹងថា ជំនួយ និងថ្នាំទាំងនេះត្រូវបានបញ្ជូនតាមយន្តហោះដឹកជញ្ជូនចំនួន ៣គ្រឿងរបស់កងទ័ពបង់ក្លាដែស និងកងទ័ពអាកាសបង់ក្លាដែស តាមការណែនាំរបស់ លោក មូហាមម៉ាដ យូនូស (Muhammad Yunus) ប្រធានទីប្រឹក្សានៃរដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស។
បេសកកម្មនេះមានក្រុមជួយសង្គ្រោះ និងក្រុមវេជ្ជសាស្រ្ដដែលចូលរួមដោយអ្នកជំនាញសង្គ្រោះមកពីស្ថាប័នទាំងបីរួមមាន សេវាពន្លត់អគ្គីភ័យ និងវេជ្ជបណ្ឌិតការពារជនស៊ីវិល វេជ្ជបណ្ឌិតកងទ័ពបង់ក្លាដែស និងគ្រូពេទ្យស៊ីវិល។
ចំនួនអ្នកជួយសង្គ្រោះ និងគ្រូពេទ្យសរុបគឺ ៥៥នាក់។ លើសពីនេះ មានសមាជិកនាវិកចំនួន ៣៧នាក់នៅលើយន្តហោះទាំង ៣គ្រឿងនោះ។ក្រុមសង្គ្រោះ និងក្រុមគ្រូពេទ្យបានយករបស់សម្ភារៈប្រើប្រាស់ដោយខ្លួនឯង រួមទាំងអាហារ សម្ភារៈអនាម័យ ឧបករណ៍ទំនាក់ទំនង និងឧបករណ៍ធ្វើម្ហូបជាដើម។
ក្រៅពីនេះ អាហារស្ងួតចំនួន ៨តោន ទឹក ២,៥តោន ថ្នាំពេទ្យ ៤តោនផលិតផលអនាម័យមួយតោន និងតង់សង្គ្រោះចំនួន ១,៥តោន ត្រូវបានបញ្ជូនទៅកាន់ប្រជាជនដែលរងគ្រោះដោយគ្រោះរញ្ជួយដី។
កាលពីព្រឹកថ្ងៃអាទិត្យ ប្រទេសបង់ក្លាដែសបានបញ្ជូនបេសកកម្មលើកដំបូងរបស់ខ្លួននូវសម្ភារៈសង្គ្រោះបន្ទាន់ រួមមានថ្នាំពេទ្យ តង់ អាហារស្ងួត និងក្រុមគ្រូពេទ្យទៅកាន់ប្រទេសមីយ៉ាន់ម៉ាតាមរយៈកងកម្លាំងប្រដាប់អាវុធបង់ក្លាដែសដែលដឹកនាំដោយកងទ័ពបង់ក្លាដែស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





