កងទ័ពអ៊ីស្រាអែល៖ ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតពីតំបន់ហ្គាហ្សា ភាគខាងជើង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ -- យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានស្ទាក់ចាប់គ្រាប់រ៉ុក្កែតដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែល។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «គ្រាប់ផ្លោងមួយគ្រាប់ដែលបាញ់ចេញពីភាគខាងជើង តំបន់ហ្គាហ្សាត្រូវបានស្ទាក់ចាប់ដោយកងទ័ពអាកាស»។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសត្រូវបានបន្លឺឡើងនៅទីប្រជុំជន Sderot ភាគខាងត្បូង និងសហគមន៍នៃតំបន់ Ibim និងតំបន់ Or HaNer ។
ទន្ទឹមនឹងនេះដែរ ក្រុម Al-Quds Brigades ដែលជាក្រុមប្រដាប់អាវុធនៃចលនាជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយនិយាយថា «កម្លាំងមីស៊ីលរបស់ខ្លួនបានទម្លាក់គ្រាប់បែកលើទីប្រជុំជន Sderot និងការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅជិតតំបន់ហ្គាហ្សាជាមួយនឹងការរារាំងដោយគ្រាប់រ៉ុក្កែត»។
នេះជាការវាយប្រហារដោយគ្រាប់រ៉ុក្កែតចុងក្រោយបំផុតរបស់ពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលបានបញ្ចប់បទឈប់បាញ់រយៈពេលពីរខែនៅថ្ងៃទី១៨ ខែមីនា ហើយបានបន្តការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកដ៏សាហាវទៅលើប៉ាឡេស្ទីន។
អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអង្គារថាការវាយប្រហារជាថ្មីរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១.០៤២នាក់ និងរបួស ២.៥៤២នាក់ទៀត ដោយអាជ្ញាធរបានបន្ថែមថា ចំនួនអ្នកស្លាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៥០.៣៩៩នាក់ និងរបួស ១១៤.៥៨៣នាក់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





