វិទ្យាស្ថានភាសា AIWA នៃប្រទេសជប៉ុនមានបំណងចង់បង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- វិទ្យាស្ថានភាសា AIWA នៃប្រទេសជប៉ុនមានបំណងចង់បង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជាអាចស្វែងរកការងារដែលមានប្រាក់ខែសមរម្យក្នុងក្រុមហ៊ុនជប៉ុន ទាំងក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសជប៉ុនដោយផ្ទាល់។

ដំណឹងនេះត្រូវបានលើកឡើងដោយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយលោកបានសុំអនុសាសន៍ និងគំនិតផ្តួចផ្តើមនានារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្នុងការសម្រេចនូវគោលដៅនេះឱ្យទទួលបានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្វាគមន៍ចំពោះសំណើខាងលើរបស់ប្រធានសមាគមជប៉ុន-កម្ពុជា ដោយបានលើកឡើងថា ការបើកវិទ្យាស្ថានភាសា AIWA នៅរាជធានីភ្នំពេញ ដែលជាផ្នែកមួយនៃគម្រោងរបស់វិទ្យាស្ថាន AIWA និងសមាគមជប៉ុន-កម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការផ្តល់ឱកាសអប់រំដ៏ល្អដល់យុវជនកម្ពុជា ដោយវិទ្យាស្ថានភាសា AIWA មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលភាសាជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) និងជំនាញវិជ្ជាជីវៈផ្សេងទៀតដែលកំពុងមានតម្រូវការខ្ពស់។ គំនិតផ្តួចផ្តើមនេះនឹងជួយគាំទ្រក្នុងការផ្តល់សក្តានុពលពេញលេញដល់យុវជនកម្ពុជា ជាពិសេសបង្កើតនូវផ្លូវសម្រាប់ឱ្យពួកគេទទួលបានការងារដែលមានប្រាក់ខែខ្ពស់ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសជប៉ុន។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលតែងតែគាំទ្រដល់ប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំផ្ទាល់ និងបានគាំទ្រនូវគំនិតផ្តួចផ្តើមនានារបស់ក្រុមហ៊ុននិងវិទ្យាស្ថានជប៉ុន ដែលមានបំណងចង់ចូលមកវិនិយោគលើវិស័យអប់រំក្នុងប្រទេសកម្ពុជា ជាពិសេសបានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបង្កើនកិច្ចសហប្រតិបត្តិលើគម្រោងនានាបន្ថែមទៀត ក្នុងគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





