សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលល្អប្រសើរ នាំឱ្យមានការប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរទាំងគុណភាព ស្តង់ដា
AKP ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥–ក្នុងឱកាសអបអរសាទរ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាន នៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់។

តាមរយៈសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២០ កុម្ភៈ ដែលផ្សព្វផ្សាយលេីបណ្តាញសង្គម របស់សម្តេច នាថ្ងៃទី២ មេសានេះ បានលេីកឡេីងថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។
ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើម ដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយេីង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេច បានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
សូមរម្លឹកថា ក្នុងគោលបំណងលើកកម្ពស់ ការប្រើប្រាស់ផលិតផលខ្មែរ ឱ្យកាន់តែទូលំទូលាយ និងផុលផុស រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនគណៈ កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា ជារៀងរាល់ឆ្នាំ ដែលឆ្នាំ២០២៥ នេះ គឺជាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៨ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ»៕
ដោយ៖ គង់ សិរីរ័ត្ន





