ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងឆេះឃ្លាំងស្តុកសម្ភារជ័រធ្វើស័ង្កសី ឃុំពើក ស្រុកអង្គស្នួល
AKP កណ្ដាល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចុះត្រួតពិនិត្យទីតាំង ឆេះឃ្លាំងស្តុកសម្ភារជ័រធ្វើស័ង្កសី និងផ្ទះប្រជាពលរដ្ឋ ដែលបានកើតហេតុតាំងពីវេលាម៉ោង៩៖៥០នាទី នៅចំណុចភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមរបាយការណ៍បឋម អគ្គិភ័យនេះបានបណ្តាលឱ្យឆេះឃ្លាំងរោងចក្រចំនួន០៣ឃ្លាំង និងឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង។ ក្នុងកិច្ចប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងបានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៤៖០៥នាទី នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ដោយមានរថយន្តចូលរួមជួយពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល អង្គភាព៩១១ អង្គភាព៧១១ អង្គភាព១១៩ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា បូរីសង្ឃឹមថ្មី ក្រុមហ៊ុនខ្មែរប៊ូប៊ើរីជីស។

ចំពោះករណីខាងលើនេះបង្កឡើងដោយផ្ទុះធុងហ្គាស់ចេញពីឃ្លាំងផ្ទុកសម្ភារជ័រប្លាស្ទិក។ អគ្គិភ័យខាងលើនេះមិនបានបង្កឱ្យមានអ្នករងរបួសទេ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តល)





