លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកផែនការទិសដៅឆ្នាំ ២០២៥ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងពិធីបើកសន្និបាតសមិទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផែនការទិសដៅឆ្នាំ២០២៥ និងវេទិកាសហគ្រិនស្រ្តី “បំប្លែងសំរាមទៅជាចំណូល” នៃសមាគមសហគ្រិនស្រ្តីកម្ពុជា កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងអង្គសន្និបាត លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីបានចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល សមាជិក និងក្រុមការងារសមាគមគ្រប់ជំនាន់ ដែលបានពុះពារជំនះរាល់ឧបសគ្គ និងប្រើប្រាស់នូវសក្តានុពលនានា ក្នុងការធ្វើឱ្យសមាគមបានដំណើរការនិងមានការរីកចម្រើនដូចសព្វថ្ងៃ ជាពិសេសបានចូលរួមចំណែកលើការលើកកម្ពស់ស្ថានភាព សមត្ថភាព និងសម្លេងស្រ្តីនៅក្នុងវិស័យធុរកិច្ចនៅកម្ពុជា។


ទន្ទឹមនឹងនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្ត និងសំណូមពរដល់៖ ១. ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន បន្តរួមគ្នា ដើម្បីពង្រីង និងពង្រីកបរិយាកាសអំណោយផល ដើម្បីគាំទ្រឱ្យស្ត្រីកាន់តែមានភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាពនិងសក្ដានុពលថ្មីៗ។ ២. ស្រ្តីសហគ្រិនត្រូវបន្តអភិវឌ្ឍសមត្ថភាព និងប្រើប្រាស់កាលានុវត្តភាពក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ពង្រឹងបណ្តាញទំនាក់ទំនង ដោយបង្ហាញពីសក្តានុពល និងភាពខ្លាំងរបស់ខ្លួន និង៣. សូមឱ្យសមាគម CWEA បន្តពង្រឹងនិងពង្រីកមុខងាររបស់ខ្លួន ក្នុងការគាំទ្រដល់សមាជិករបស់ខ្លួន រួមទាំងការពង្រីកវិសាលភាពដល់ បណ្តាខេត្តនានា និងពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ។


សូមជម្រាបជូនថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើន ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុត៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





