អាជ្ញាធរមីនចុះហត្ថលេខាទទួលថវិកាជំនួយ២លានអឺរ៉ូពីប្រទេសលុចសំបួគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងតំណាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន នៅសណ្ឋាគារ Raffles Hotel Le Royal នាថ្ងៃទី០១ មេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី និងសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន២លានអឺរ៉ូរបស់ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ ដោយកិច្ចព្រមព្រៀងបានចុះហត្ថលេខារវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរព្រះគុណដល់ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie និងប្រជាជនលុចសំបួ ចំពោះសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា សម្រាប់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់រងការគំរាមកំហែងដោយសារមីន និងជួយសង្រ្គោះដល់ជនមានពិការភាពនៅកម្ពុជា ដែលនេះបានបញ្ជាក់ឱ្យយេីងឃើញមិនត្រឹមតែស្តារសេដ្ឋកិច្ចឡេីងវិញនោះទេ វាថែមទាំងជាការព្យាបាលនូវរបួសស្នាមពីអតីតកាល និងកំពុងកសាងនូវអនាគតមួយដែលយើងតែងតែគិតថាវាមិនអាចទៅរួច។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងទៀតថា ការចូលរួមចំណែកពីប្រទេសលុចសំបួនឹងជំរុញដល់ភាពជោគជ័យរបស់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលអនុវត្តដោយអាជ្ញាធរមីន និង UNDP តាមរយៈការបង្កើនសមិទ្ធផលនៃការបោសសម្អាតមីន និងកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន។ តាមការប៉ាន់ស្មាន ថវិកាជំនួយនេះនឹងផ្តល់ផល ដល់ប្រជាជានប្រមាណ ២៣០០០ នាក់ តាមរយៈការទទួលបានដីសុវត្ថិភាព និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារមីន។


នាឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងថា គ្រាប់មីន និងសំណល់ជាតិផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាមរ៉ាំរ៉ៃជាច្រើនទសវត្សរ៍ បានបង្កគ្រោះថ្នាក់ និងឆក់យកអយុជីវិតមនុស្សជាច្រើននៅកម្ពុជា និងបានក្លាយជាឧបស័គ្គដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ប៉ុន្តែ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងការបន្តមរតកប្រវត្តិសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបានសមិទ្ធផលធំធេង នៅក្នុងសកម្មភាពមីន ទាំងនៅក្នុងប្រទេស និងនៅឆាកអន្តរជាតិ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ សម្តេចធិបតី ក្នុងការធានាសុខសុវត្ថិភាពរបស់ប្រជាជន និងអភិវឌ្ឍន៍ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការបោសសម្អាតមីន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនានា នៅក្នុងសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានប្រែក្លាយពីប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនទូទាំងពិភពលោក៕
ដោយ សួស សំរិត





