ឃុំចំនួន៥ ក្នុងស្រុកព្រៃនប់ ត្រូវបានដាក់ឱ្យដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- លោក សល់ឡេះ យូសុះ អភិបាលរងស្រុក លោក នាង ណេង សមាជិកក្រុមប្រឹក្សាស្រុកព្រៃនប់ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានអញ្ជើញបើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំចំនួន០៥ សម្រាប់ឆ្នាំ២០២៥ ក្នុងស្រុកព្រៃនប់ ក្នុងនោះមានឃុំអណ្តូងថ្ម ឃុំជើងគោ ឃុំព្រៃនប់ ឃុំសំរុង និងឃុំទួលទទឹង ដោយពិធីបើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំឆ្នាំ២០២៥ បានធ្វើឡើងនៅសាលប្រជុំសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសគាំទ្រឃុំ សង្កាត់ តំណាងរដ្ឋបាលស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង៥ ក្រុមហ៊ុនទទួលការសាងសង់ នាថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥។

កិច្ចប្រជុំបើកសំណើដេញថ្លៃស្របតាមនីតិវិធីប្រកបដោយតម្លាភាព ជាលទ្ធផលទទួលបាន៖ ១. ឃុំអណ្តូងថ្ម គម្រោងសាងសង់ផ្លូវបេតុងប្រវែង ៤៧០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម ក្រុមហ៊ុនចំនួន៤ បានចូលរូមដេញថ្លៃ។ ២. ឃុំជើងគោ គម្រោងសាងសង់ផ្លូវបេតុងប្រវែង ៤៨០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម ក្រុមហ៊ុនចំនួន៦ បានចូលរូមដេញថ្លៃ។ ៣. ឃុំព្រៃនប់ គម្រោងសាងសង់ផ្លូវបេតុងប្រវែង ៤៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម ក្រុមហ៊ុនចំនួន៣ បានចូល រួមដេញថ្លៃ។ ៤. ឃុំសំរុង គម្រោងសាងសង់ផ្លូវបេតុងប្រវែង ៤៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត ក្រុមហ៊ុនចំនួន៥ បានចូល រួមដេញថ្លៃ។ ៥. ឃុំទួលទទឹង គម្រោងសាងសង់ផ្លូវបេតុងប្រវែង ៤៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត ក្រុមហ៊ុនចំនួន២ បានដាក់សំណើដេញថ្លៃ (មិនគ្រប់កូរ៉ុម)។


លោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគខេត្ត ក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនទទួលការសាងសង់ ត្រូវអនុវត្តគម្រោងរបស់ខ្លួនដោយអនុលោមទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាថា ការសាងសង់មានគុណភាព សម្រាប់ការប្រើប្រាស់បានយូរ និងបានបញ្ជាក់ថា សូមគណៈកម្មការ ក៏ដូចជាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋត្រូវធ្វើការតាមដាន នៃការ អនុវត្តគម្រោងរបស់ក្រុមហ៊ុនទទួលការ និងត្រូវមានសៀវភៅការដ្ឋានកត់ត្រាឱ្យបានច្បាស់លាស់ ចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោង រហូតដល់បញ្ចប់ការអនុវត្តគម្រោង ដើម្បីធានាថាសមិទ្ធផលដែលយើងទទួលបាននាពេលខាងមុខមានគុណភាពក្នុងការប្រើប្រាស់បានយូរ ព្រោះសមិទ្ធិផលដែលកើតឡើងនៅតាមបណ្តាឃុំទាំង៥ ក្នុងស្រុកព្រៃនប់ គឺជាទ្រព្យសម្បត្តិរបស់បងប្អូនយើងទាំងអស់គ្នាក្នុងការប្រើប្រាស់ ក៏ដូចជាការសម្រួលចរាចរណ៍កាន់តែមានភាពងាយស្រួលសម្រាប់មកកាន់ទីផ្សារ ទីប្រជុំជន ជាពិសេសសម្រាប់កូនចៅរបស់យើងបានធ្វើដំណើរមកកាន់សាលារៀនបានកាន់តែងាយស្រួលមិនខាតពេលវេលាក្នុងការធ្វើដំណើ ពិសេសចូលរួមថែរក្សាថែទាំសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូ ដែលនឹងត្រូវស្ថាបនានៅពេលខាងមុខ៕


ដោយ ងូ សុមុនី





