ឃុំចំនួន៤ក្នុងស្រុកស្ទឹងហាវ បានបើកសំណើដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៥
AKP ព្រះសីហនុ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- លោកស្រី ម៉ម សាមុត អភិបាលរងស្រុកស្ទឹងហាវ និងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តព្រះសីហនុ បានអញ្ជើញបើកសំណើដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិឃុំចំនួន០៤ ក្នុងស្រុកស្ទឹងហាវ ឆ្នាំ២០២៥ កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥។

ពិធីបើកសំណើដេញថ្លៃបានដំណើរការដោយរលូនស្របតាមនីតិវិធីប្រកបដោយតម្លាភាពតាមលទ្ធផលសម្រេចបានដូចជា៖ ១. ឃុំកំពេញ គម្រោងសាងសង់ផ្លូវបេតុងប្រវែង ២៩០ម៉ែត្រ ទទឹង ៧ម៉ែត្រ កម្រាស់ ០,១៥ម ក្រុមហ៊ុនចំនួន៥ ចូលរូមដេញថ្លៃ។ ២. ឃុំអូរត្រេះ គម្រោងសាងសង់លូអ៊ុយមានគម្របប្រវែង ៥៨០ម៉ែត្រ ទទឹង ០,៧ម៉ែត្រ កម្ពស់ ០,៧ម៉ែត្រ (សាច់ក្នុង)។ ៣. ឃុំកែវផុស គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៣៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់០,១៥ម ក្រុមហ៊ុនចំនួន ៦ បានចូលរួមដេញថ្លៃ។ ៤.ឃុំទំនប់រលក គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង ៣៦៥ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉្រែត ក្រុមហ៊ុនចំនួន២ បានដាក់សំណើដេញថ្លៃ (មិនគ្រប់កូរ៉ុម)។

លោក ឃាង ភារម្យ នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានលើកឡើង ថា ដំណើរការនៃការដេញថ្លៃថ្ងៃនេះមានក្រុមហ៊ុនបានចូលរួម សបញ្ជាក់ឱ្យឃើញថា ការ ដេញថ្លៃដំណើរការល្អរលូន ប្រកបដោយតម្លភាព និងយុត្តិធម៌ក្នុងការចូលរួមប្រកួតប្រជែងអំពីតម្លៃ ឃុំខ្លះការដេញថ្លៃបានចុះ ៣០ភាគរយ និងឃុំខ្លះចុះ ៤០ភាគរយ ដែលធ្វើឱ្យបានផលចំណេញទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានតាមរយៈសមិទ្ធផលផ្លូវបេតុង និងលូដែលបានស្ថាបនាឡើងក្នុងពេលខាងមុខនេះ។

លោកក៏បានផ្ដាំផ្ញើទៅដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវបេតុង និងលូត្រូវអនុវត្តគម្រោងដោយអនុលោមទៅ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាថា ការសាងសង់ផ្លូវ និងលូមានគុណភាពប្រសិទ្ធ ភាពខ្ពស់ស្របតាមលក្ខណបច្ចេកទេស និងធានាដល់ការប្រើប្រាស់បានយូរអង្វែង។
ទន្ទឹមនោះលោកក៏បានស្មើសុំឱ្យគណៈកម្មការ ក៏ដូចជាអាជ្ញាធរ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវតាមដានចំពោះក្រុមហ៊ុន ត្រូវមានសៀវភៅការដ្ឋានច្បាស់លាស់ចាប់ផ្ដើមពីដំណើរការបើកការដ្ឋាន ការអនុវត្តគម្រោងរហូតដល់ចប់ការអនុវត្តគម្រោង។ ចំពោះការអនុវត្តគម្រោងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីធានាថា ការសាងសង់ផ្លូវបេតុង និងលូពិតជាប្រើប្រាស់បានយូរអង្វែង ជាពិសេសចូលរួមថែរក្សាសមិទ្ធផលផ្លូវបេតុង ក៏ដូចជាប្រព័ន្ធលូដែលបានដាក់ ដេញថ្លៃនាពេលនេះ ដោយធានាក្នុងការប្រើប្រាស់បានយូរអង្វែងសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រោះសមិទ្ធផលដែលនឹងកើតឡើងនៅពេលខាងមុខ គឺជាទ្រព្យសម្បត្តិរួមរបស់យើងទាំងអស់គ្នាសម្រាប់សម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានភាពងាយស្រួលទាំងអស់គ្នា៕
ដោយ ងូ សុមុនី





