ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ៖ ប្រាប់ឱ្យបេក្ខជនប្រឡងថែរក្សាសុខភាពនិងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ដើម្បីប្រឡងជាប់និងទទួលបាននិទ្ទេសល្អ
AKP កំពង់ស្ពឺ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦---ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខដល់បេក្ខជនប្រឡងដែលកំពុងស្នាក់នៅតាមមន្ទីរ អង្គភាពនិងវត្តអារាមនានាក្នុងខេត្តដែលស្ថិតនៅក្បែរមណ្ឌលប្រឡង។


នៅក្នុងជំនួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តបានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាការវាស់ស្ទង់នូវ ចំណេះដឹង សមត្ថភាព ជំនាញ និងការគិតរបស់សិស្សានុសិស្សបន្ទាប់ពីបានបញ្ចប់ការសិក្សារយៈពេល ១២ឆ្នាំនៅកម្រិតចំណេះដឹង។ប៉ុន្តែទោះជាស្ថិតក្នុងកម្រិតវាស់ស្ទង់នេះក៏ដោយ ក្មួយៗជាបេក្ខជនត្រូវតែប្រលងឱ្យជាប់គ្រប់គ្នា ដើម្បីឈានឆ្ពោះទៅកាន់ថ្នាក់ឧត្តមសិក្សាបន្តទៀត។


ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកបន្ថែមផងដែរដល់បេក្ខជនទាំងអស់ ត្រូវតែបញ្ចេញឱ្យអស់សមត្ថភាពដើម្បីប្រឡងជាប់ ហើយទន្ទឹមនឹងការប្រឡងជាប់ក៏ត្រូវដណ្តើមយកជ័យលាភីនិទ្ទេសAឱ្យបានផងដែរ ព្រោះថាលទ្ធផលនិទ្ទេសA លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះពង្រឹងខេត្តកំពង់ស្ពឺនិងមានការដូលើកទឹកចិត្តក្នុងម្នាក់កុំព្យូទ័រមួយគ្រឿងផងដែរ។

ក្នុងឱកាសសួរសុខទុក្ខនោះដែរ ឯកឧត្តមបណ្ឌិតបានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវរក្សាសុខភាពឱ្យបានល្អ ចូលគេងឱ្យបានពីព្រលប់ ប្រុងប្រយ័ត្នចំពោះម្ហូបអាហារ ជៀសវាងការក្រោកយឺតពេល មានបញ្ហាសុខភាពក្នុងពេលប្រឡង។មួយវិញទៀត ក្នុងពេលប្រឡងមិនត្រូវភ្លេចបំពេញលេខតុឬលេខបន្ទប់នោះឡើយ ពិសេសមិនត្រូវយកចូលសំណៅណាមួយទៅក្នុងបន្ទប់ប្រឡងដែលគណកម្មការហាមឃាត់នោះឡើយ។ចំពោះសំនួរត្រូវពិនិត្យឱ្យអស់ និងធ្វើនៅរាល់សំនួរណាដែលគិតថាខ្លួនចេះមុន ហើយទុកសំនួរពិបាកធ្វើក្រោយ ចៀសវាងចំណាយពេលក្នុងការគិតដល់ម៉ោងធ្វើមិនទាន់៕
ដោយ ម៉ែន ប៊ុនធីម





