លោកជំទាវ ភឿង សកុណា ទទួលជួបប្រតិភូក្រុមការងារសារមន្ទីរ Smithsonian សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនប្រតិភូក្រុមការងារសារមន្ទីរ Smithsonian សហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តការលើវិស័យវប្បធម៌ជាពិសេសការងារបេតិកភណ្ឌ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៩ថ្ងៃ ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីសិក្សារៀបចំគម្រោងតាំងពិព័រណ៍រូបចម្លាក់កោះកេរ ហើយក្រុមការងារបានធ្វើទស្សនកិច្ចនៅតាមសារមន្ទីរមួយចំនួននៅរាជធានីភ្នំពេញ និងបន្តធ្វើទស្សនកិច្ចនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌសំខាន់ៗជាច្រើនទៀតនៅខេត្តកំពង់ធំ សៀមរាប និងព្រះវិហារ៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)





