កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍ បូកសរុបការងារត្រីមាសទី១ និងទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៥ ក្រសួងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងរបាយការណ៍បូកសរុបការងារត្រីមាសទី១ និងទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍បូកសរុប នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កងយោធពលខេមរភូមិន្ទបានយកចិត្តទុកដាក់ពុះពារអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន ក្នុងនោះសភាពការណ៍យោធានៅតាមតំបន់ព្រំដែន មានភាពស្ងប់ស្ងាត់ធម្មតា កងយោធពលខេមរភូមិន្ទ បានធ្វើល្បាតជាប្រចាំ ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងដោយសន្តិវិធី។ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស កងយោធពលខេមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា ធ្វើការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ និងភាពអនាធិបតេយ្យផ្សេងៗ ពិសេសសកម្មភាព កាប់ទន្ទ្រានកាន់កាប់ដីខុសច្បាប់ បំផ្លិចបំផ្លាញធនធានធម្មជាតិ នេសាទខុសច្បាប់ គេចពន្ធ និងសកម្មភាពជួញដូរប្រើប្រាស់គ្រឿងញៀន ដោយសម្រេចបាននូវលទ្ធផលល្អ។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន១,០៤៦លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាបបានចំនួន៧០៧លើក។

ចំពោះការងារហ្វឹកហ្វឺន បណ្តុះបណ្តាល និងបំប៉នជំនាញផ្សេងៗ បានបន្តធ្វើការហ្វឹកហ្វឺនវគ្គឆ្នាំចាស់ និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៥ សរុប១២៣វគ្គ ស្មើនឹង៧,៦០៤នាក់ និងសិក្ខាកាមបញ្ជូនទៅសិក្សានៅក្រៅប្រទេស មានចំនួន១,៩០៣នាក់ ស្មើនឹង១៥ប្រទេស។ ទន្ទឹមនេះ បានយកចិត្តទុកដាក់ធ្វើការហ្វឹកហ្វឺននៅនឹងកន្លែង តាមបណ្តាកងឯកភាព ព្រមទាំងជំរុញការងារអប់រំរៀនសូត្រចិត្តសាស្ត្រ នយោបាយសតិអារម្មណ៍កងទ័ព និងការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ច្បាប់ផ្សេងៗ និងសភាពការណ៍ថ្មីៗ សរុប៣,៩៣៩លើក ស្មើនឹង ៣៧៨,១២១លើក/នាក់។ បានបន្តយកចិត្តទុកដាក់អនុវត្តការរៀបចំសំណុំបែបបទយោធិនពលី-មរណៈ ពិការ ចូលនិវត្តន៍ បាត់បង់ សមត្ថភាពការងារ ផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារកសាងច្បាប់ និងលិខិត បទដ្ឋានផ្សេងៗ ការងារធានាភស្តុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារបច្ចេកទេស និងកែច្នៃជួសជុល ថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ព្រមទាំងការងារមួយចំនួនទៀត អនុវត្តបានល្អតាមផែនការ និងលទ្ធភាពជាក់ស្តែង។ ការងារកសាង និងជួសជុលបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ ប្រព័ន្ធធារាសាស្ត្រ និងសំណង់អគារគ្រប់ប្រភេទ បានដំណើរការសម្រេចជាបន្តបន្ទាប់តាមផែនការ ក្នុងនោះបានសម្រេច១០០%, ការកសាងស្តូបឈ្នះ ឈ្នះ កោះកុង ផងដែរ។ ការងារទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ មានទំហំលើសពីការរំពឹងទុក ការពង្រឹង និងការពង្រីកកិច្ចសហប្រតិបត្តិការតាមរូបភាពទ្វេភាគី ពហុភាគី និងកិច្ចការអាស៊ានផ្នែកយោធា ដំណើរការបានល្អតាមផែនការ និងស្ថានភាពជាក់ស្តែង ស្របតាមនយោបាយការបរទេសរបស់កម្ពុជា។ ការអនុវត្តបែបបទការងារលិខិតស្នាម និងការដឹកនាំបញ្ជាតាមលិខិតស្នាម ត្រូវបានអនុវត្តរហ័ស និងទាន់សភាពការណ៍ ព្រមទាំងមានការសហការអនុវត្តបានល្អ នៅក្នុងកងយោធពលខេមរភូមិន្ទ។ វិមានឈ្នះ ឈ្នះ បានក្លាយជាគោលដៅមួយដ៏សំខាន់ និងមានការចាប់អារម្មណ៍ចូលមកទស្សនា សិក្សា រៀនសូត្រពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។ ដោយឡែក ការបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ បច្ចុប្បន្នកម្ពុជាឈរលំដាប់លេខរៀងទី២៨ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង និងលេខ៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ការបញ្ជូនកម្លាំងនារី ឈរលំដាប់លេខរៀងទី១៣ ក្នុងចំណោម១២០ប្រទេសបរិច្ចាគកម្លាំង ស្ទួនជាមួយប៉ាគីស្ថាន និងលេខ២ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានខាងលើ កងយោធពលខេមរភូមិន្ទក៏នៅមានចំណុចសេសសល់ ដែលត្រូវបន្តយកចិត្តទុកដាក់ គឺបង្កើនការចូលរួមឱ្យកាន់តែសកម្ម ក្នុងការទប់ស្កាត់ និងបង្ការបង្ក្រាបបទល្មើស ព្រៃឈើ ការទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការគេចពន្ធ ការប្រើប្រាស់ និងការចរាចរគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗទៀត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ សំ សាម៉ន





