មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗជាតិ-អន្តរជាតិ
AKP កណ្ដាល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ៦០១ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ជាតិ-អន្តរជាតិ និងបទបញ្ជាលេខ ០២/០២៥ ប.ជ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ របស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស ស្ដីពីការគ្រប់គ្រងកម្លាំងធានាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងសភាពការណ៍ប្រែប្រួលលើខែ្សបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់អង្គភាព ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ។

លោកមេបញ្ជាការ លន់ លុច បានដាស់តឿនដល់នាយ ពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទវិន័យ លក្ខន្តិកៈទូទៅរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកម្លាំង សម្ភារប្រើប្រាស់ ដើម្បីចល័តចុះជួយប្រជាពលរដ្ឋជាយថាហេតុ និងបានដាក់ចេញនូវបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវត្រៀមកម្លាំងនៅហ្នឹងកន្លែង ១០០ភាគរយ សម្ភារប្រើប្រាស់ សហការជាមួយកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី រក្សាគោលដៅសំខាន់ៗ ដូចជា កន្លែងប្រារព្ធពិធី ទីវត្តអារាម ទីប្រជុំជន រមណីយដ្ឋាន មណ្ឌលកម្សាន្តនានា ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋធ្វើបុណ្យទាន និងកម្សាន្តសប្បាយៗ ពិសេសចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត ឱ្យបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មានតាមខ្សែបន្ទាត់ព្រំដែន ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ។

ទន្ទឹមនឹងនោះ លោកមេបញ្ជាការបានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំងត្រូវតែមានភក្ដីភាពស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ បូរណភាពទឹកដី ការពារសុខសុវត្ថិភាពសាធារណៈជូនប្រជាជន ។ ត្រូវមានឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់ទប់ស្កាត់ រាល់សកម្មភាពនៃការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានបំណងធ្វើឱ្យកម្ពុជាមានភាពអសកម្ម លើការអភិវឌ្ឍន៍ប្រទេសជាតិ៕
ដោយ ណយ នឿន (ប្រភព៖ កងទ័ពជើងគោក)





