អភិបាលរងខេត្តកណ្តាលបើកវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់យេនឌ័រ
AKP កណ្ដាល ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់យេនឌ័រ បរិយាបន្ន និងសមធម៌សង្គមរបស់គម្រោងគណនេយ្យភាពសង្គម ជូនមន្ត្រីបង្គោលក្រុង ស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធប្រមាណជាង២៦នាក់ ។

វគ្គនេះមានមេរៀនសិក្សាចំនួន ៥ រួមមាន មេរៀនទី១. ទស្សនទាននៃអភិបាលកិច្ចល្អ ក្នុងកិច្ចការសាធារណៈ មេរៀនទី២. ទស្សនទាន និងមូលដ្ឋានគ្រឹះ នៃការបញ្ជាបយេនឌ័រ មេរៀនទី៣. ច្បាប់គោលនយោបាយ និងយន្តការនានាក្នុងការ លើកកម្ពស់សមភាពយេនឌ័រ មេរៀនទី៤. វិធានការក្នុងការលើកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម និងមេរៀនទី៥. គោលនយោបាយទប់ស្កាត់ការបៀតបៀន នៅកន្លែងធ្វើការ ។

វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពបន្ថែម ជូនដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុក ដើម្បីឱ្យពួកគាត់មានសមត្ថភាពបន្ថែម ក្នុងការបណ្តុះបណ្តាលបន្ត ជូនដល់ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ក្រុង-ស្រុក និងអង្គភាពផ្តល់សេវា នៅថ្នាក់ឃុំសង្កាត់៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





