អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ក្មេងទំនើងប្រយ័ត្នចូលឆ្នាំនៅក្នុងពន្ធនាគារ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលកាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងស្ថិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

លោក ទូច សុឃៈ បានលើកឡើងថា ឯកឧត្តមអភិសន្តិ ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដឹកនាំបញ្ជាទៅកាន់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ សហការធ្វើសកម្មភាពឱ្យបានកាន់តែសកម្មជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាប់ខ្លួនក្មេងទំនើងដែលប្រព្រឹត្តសកម្ម ភាពបង្កការរំខានដល់ជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ជូនក្រុមក្មេងទំនើងទាំងនោះទៅកាន់ស្ថាប័នតុលាការដើម្បីចាត់វិធានការច្បាប់។
បើតាមលោក ទូច សុឃៈ ប្រសិនបើក្រុមក្មេងទំនើងទាំងអស់នោះបន្តធ្វើសកម្មភាពអុកឡុក រំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋពួកគេនឹងប្រឈមនឹងការឃុំខ្លួន ដែលមានន័យថាត្រូវស្ថិតនៅក្នុងពន្ធនាគារនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។ ផ្ទុយទៅវិញប្រសិនបើពួកគេមានការប្រែឥរិយាបទប្រព្រឹត្តត្រឹមត្រូវនៅក្នុងសង្គមពួកគេក៏ដូចជាយុវជនផ្សេងទៀត គឺទទួលបានឱកាសសប្បាយរីករាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងមានព្រឹត្តិការណ៍សប្បាយៗគ្រប់មូលដ្ឋានទូទាំងប្រទេស។
លោកបានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់បង្ក្រាបក្មេងទំនើងដោយគ្មានការលើកលែងឡើយ និងមិនទុកឱ្យពួកគេធ្វើសកម្ម ភាពអុកឡុករំខានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនោះទេ។ ក្នុងនាមជាសេនាធិការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃក៏បានដាក់ចេញគោលការណ៍ដឹកនាំ តម្រង់ទិសជាប្រចាំឱ្យកងកម្លាំងទាំងអស់អនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី បន្តបង្ក្រាបក្រុមក្មេងទំនើងដោយមិនដកដៃឡើយ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





