ប្រធានាធិបតីតាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ចុះហត្ថលេខាលើសន្ធិសញ្ញាប្រវត្តិសាស្ត្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ប្រធានាធិបតីនៃប្រទេសតាជីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីចំណុចប្រសព្វនៃព្រំដែនជាតិរបស់ពួកគេក្នុងទីក្រុងKhujand ដែលជាទីក្រុងធំទីពីររបស់ប្រទេសតាជីគីស្ថាន កាលពីថ្ងៃចន្ទ។
យោងតាមសេវាសារព័ត៌មានរបស់ប្រធានាធិបតីតាជីគីស្ថាន លោក អេម៉ូម៉ាលី រ៉ាហ៍ម៉ុន (Emomali Rahmon) បានឱ្យដឹងថា ប្រធានាធិបតីតាជីគីស្ថាន ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀរ ចាប៉ារ៉ូវ (SadyrJaparov) និងប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) បានជួបប្រជុំត្រីភាគីនៅទីក្រុង Khujand ដើម្បីធ្វើកិច្ចព្រមព្រៀងជាផ្លូវការ។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតាជីគីស្ថាន បានឱ្យដឹងថា លោក រ៉ាហ៍ម៉ុន បានហៅការចុះហត្ថលេខាលើសន្ធិសញ្ញានេះថា «ជាព្រឹត្តិការណ៍ដែលមាននិមិត្តសញ្ញាខ្ពស់» ដោយលោកបានបង្ហាញពីសារៈសំខាន់របស់វាសម្រាប់ប្រទេសទាំងបី។លោកបាននិយាយថា ប្រទេសតាហ្ស៊ីគីស្ថានបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអ៊ូសបេគីស្ថាន ដែលត្រូវបានបង្កើតឡើងនៅលើគោលការណ៍នៃភាពជាអ្នកជិតខាងល្អ សមភាព ការគោរពគ្នាទៅវិញទៅមក និងការគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ ការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងក្នុងចំណោមប្រទេសទាំងបីគឺជាអាទិភាពមួយក្នុងចំណោមគោលនយោបាយការបរទេសរបស់ប្រទេសតាជីគីស្ថាន។
យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន បានឱ្យដឹងថា មេដឹកនាំបានពិភាក្សាអំពីបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងអ្នកជិតខាង ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសេដ្ឋកិច្ចរួមគ្នា និងការពង្រីកសក្តានុពលទេសចរណ៍ក្នុងតំបន់។
លោក ចាប៉ារ៉ូវ បាននិយាយថា សមាហរណកម្មក្នុងតំបន់កំពុងដំណើរការល្អ ហើយការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនឹងមានសារៈសំខាន់ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅតំបន់អាស៊ីកណ្តាល។
លោក មៀហ្សីយ៉ូយ៉េវ បានអបអរសាទរចំពោះប្រទេសតាជីគីស្ថាននិងកៀហ្ស៊ីស៊ីស្ថាន ដែលបានដោះស្រាយបញ្ហាពាក់ព័ន្ធព្រំដែនដោយជោគជ័យ និងការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែន។ លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងជំរុញស្ថិរភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើកកំពស់ជំហរអន្តរជាតិនៃតំបន់ទាំងមូល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





