នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក នេតាន់យ៉ាហ៊ូ នឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ការិយាល័យសារព័ត៌មានរបស់លោក អរបាន បាននិយាយកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រីចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ខែមេសា តបតាមការអញ្ជើញរបស់សមភាគីហុងគ្រី លោក វីកទ័រ អរបាន (Viktor Orban) ។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក លោក នេតាន់យ៉ាហ៊ូ ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយលោក អរបាន ដោយផ្តោតលើការធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ការច្នៃប្រឌិត ថាមពល និងពាណិជ្ជកម្ម។ សន្តិសុខក្នុងតំបន់ និងការអភិវឌ្ឍនៅតំបន់មជ្ឈិមបូព៌ាក៏ស្ថិតក្នុងរបៀបវារៈផងដែរ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងចំពេលមានការត្រួតពិនិត្យជាអន្តរជាតិជុំវិញដីកាចាប់ខ្លួនដែលចេញប្រឆាំងនឹងលោក នេតាន់យ៉ាហ៊ូ ដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។
រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ផេទឺ ហ្ស៊ីចចារតូ (Peter Szijjarto)បានរំលឹកឡើងវិញនៅដើមឆ្នាំនេះថា ប្រទេសហុងគ្រីនៅតែបន្តស្វាគមន៍មេដឹកនាំអ៊ីស្រាអែល ទោះបីជាមានដីកាចាប់ខ្លួនក៏ដោយ។
លោកក៏បាននិយាយផងដែរថា ចំណាត់ការរបស់តុលាការ ICC «ធ្វើឱ្យខូចកិត្តិយសដល់ស្ថាប័ន» ហើយលោកបានបញ្ជាក់ថា នេះជា «ស្ថាប័នដែលជម្រុញផ្នែកនយោបាយ» ដោយលោកបានបន្ថែមថា ការសម្រេចចិត្តបែបនេះនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់ប្រទេសហុងគ្រីជាមួយតុលាការ។
ប្រទេសហុងគ្រីបានគាំទ្រយ៉ាងខ្ជាប់ខ្ជួនលើអ៊ីស្រាអែលនៅក្នុងវេទិកាសហភាពអឺរ៉ុប និងបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសិទ្ធិការពារស្វ័យការពាររបស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





