មីយ៉ាន់ម៉ាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ជុំវិញគ្រោះរញ្ជួយដីដ៏សាហាវកាលពីសប្តាហ៍មុន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទបានប្រកាសកាន់ទុក្ខជាតិចំនួនប្រាំពីរថ្ងៃចំពោះការរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧,៧រ៉ិចទ័រ ដែលបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រសប្តាហ៍មុន។
យោងតាម MRTV ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា ទង់ជាតិនឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាលដែលជាផ្នែកមួយនៃការកាន់ទុក្ខ។
ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីបានកើនឡើងលើសពី១.៧០០នាក់ និងអ្នករបួសជាង ៣.៤០០នាក់ ហើយជាង ៣០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ មីន អោងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)កាលពីថ្ងៃអាទិត្យ ដោយភាគីទាំងពីរបានពិភាក្សាគ្នាអំពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីនោះ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។
ប្រទេសរុស្ស៊ី ឥណ្ឌា ចិន ថៃ អង្គការសហប្រជាជាតិ អេមីរ៉ាត់អារ៉ាប់រួមនិងប្រទេសផ្សេងៗទៀតបានបញ្ជូនក្រុមស្វែងរក និងជួយសង្គ្រោះពិសេសរួមជាមួយជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





