ជនជាតិអាម៉េរិកភាគច្រើនមិនពេញចិត្តចំពោះការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- យោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដោយមជ្ឈមណ្ឌល AP-NORC សម្រាប់ការស្រាវជ្រាវកិច្ចការសាធារណៈ បានឱ្យដឹងថា ប្រជាពលរដ្ឋអាម៉េរិកជាច្រើនរហូតដល់ ៥៨% មិនយល់ស្របទៅលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៧។
ការស្ទង់មតិដែលបានធ្វើឡើងនៅថ្ងៃទី២០-២៤ ខែមីនា ក្នុងចំណោមប្រជាពលរដ្ឋពេញវ័យចំនួន ១.២២៩នាក់ បានរកឃើញថា ប្រហែល ៧នាក់ក្នុងចំណោម ១០នាក់បានពិពណ៌នាអំពីស្ថានភាពសេដ្ឋកិច្ចថា «មានភាពអន់»ដែលជាកម្រិតនៃភាពអវិជ្ជមានដែលនៅតែមិនផ្លាស់ប្តូរចាប់តាំងពីសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក ចូ បៃដិន (Joe Biden)កាលពីក្នុងខែធ្នូ ឆ្នាំ២០២៤។
ការស្ទង់មតិនោះក៏បានពិនិត្យមើលទៅលើគោលនយោបាយរបស់លោក ត្រាំ ស្តីពីការធ្វើចំណាកស្រុក ជម្លោះបរទេស និងពាណិជ្ជកម្មផងដែរ។
នៅពេលសួរអំពីការដោះស្រាយបញ្ហាអន្តោប្រវេសន៍របស់លោកប្រធានាធិបតី អ្នកចូលរួមឆ្លើយ ៤៩% បាននិយាយថា ពួកគេយល់ស្របខណៈដែល ៥០% មិនយល់ស្រប។
ទាក់ទងនឹងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អ្នកចូលរួម ៥៤% មិនយល់ស្របចំពោះវិធីសាស្រ្តរបស់លោក ត្រាំ ខណៈពេលដែល ៤៤% យល់ស្រប។
ទាក់ទងនឹងការគ្រប់គ្រងរបស់លោកប្រធានាធិបតីទៅលើការចរចាពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗទៀត ចំពេលដែលមានការរិះគន់ជាអន្តរជាតិអំពីពន្ធ បានទទួលការមិនយល់ស្របដល់ទៅ ៦០% បើធៀបនឹងការយល់ស្រប ៣៨%។
ទាក់ទងនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន អ្នកចូលរួមឆ្លើយចំនួន ៥៦% បាននិយាយថាពួកគេមិនពេញចិត្តនឹងគោលជំហររបស់លោក ត្រាំ នោះទេខណៈដែល ៤១% យល់ស្រប៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





