មេដឹកនាំគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូងចង់ជួបពិភាក្សាជាមួយប្រធានាធិបតីស្តីទី
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- គណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) ដែលជាគណបក្សប្រឆាំងដ៏សំខាន់មួយរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃចន្ទថា មេដឹកនាំរបស់ខ្លួនលោក លី ជេម្យុង (Lee Jae-myung) បានស្នើសុំជួបជាមួយប្រធានាធិបតីស្តីទី លោក ហាន់ ឌុកស៊ូ (Han Duck-soo) ដើម្បីពិភាក្សានៅក្នុងសកម្មភាពជាក់ស្តែងមួយក្នុងការដាក់សម្ពាធពាក់ព័ន្ធនឹងការតែងតាំងចៅក្រមយុត្តិធម៌របស់តុលាការធម្មនុញ្ញ ប៉ុន្តែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
អ្នកនាំពាក្យរបស់គណបក្ស DPK លោក ហាន់ មីនស៊ូ (Han Min-soo) បាននិយាយថា «លោក លី បានទូរស័ព្ទទៅកាន់លោក ហាន់ ចំនួនពីរដង ហើយបានផ្ញើសារជាអក្សរថា លោកមានបំណងចង់ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ ប៉ុន្តែលោក ហាន់ មិនបានឆ្លើយតបមកវិញទេ»។
សំណើនៃកិច្ចប្រជុំនេះហាក់ដូចជាមានគោលបំណងជំរុញឱ្យលោក ហាន់ ឌុកស៊ូ តែងតាំងបេក្ខភាពចៅក្រុមយុត្តិធម៌ លោក ម៉ា អ៊ុនយុក (Ma Eun-hyuk) ដែលត្រូវបានណែនាំដោយគណបក្សប្រឆាំង។
កាលពីថ្ងៃមុន មេដឹកនាំមួយរូបរបស់គណបក្ស DPK លោក ផាក ចាន់ដេ (Park Chan-dae) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាគណបក្សរបស់លោកនឹងធ្វើការសម្រេចចិត្តដ៏សំខាន់មួយ លុះត្រាតែលោក ហាន់ តែងតាំងលោក ម៉ា នៅថ្ងៃអង្គារនេះ។
រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្ស DPK បានចោទប្រកាន់ប្រធានាធិបតីស្តីទី លោក ហាន់ កាលពីចុងឆ្នាំមុន នៅមួយថ្ងៃបន្ទាប់ពីលោកបានបដិសេធក្នុងការតែងតាំងចៅក្រមយុត្តិធម៌បន្ថែមសម្រាប់តុលាការធម្មនុញ្ញ។ លោក ហាន់ ត្រូវបានតុលាការធម្មនុញ្ញសម្រេចឱ្យចូលនិវត្តន៍កាលពីសប្តាហ៍មុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





