កូរ៉េខាងត្បូង និងវៀតណាម ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការផ្លូវដែក
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- ក្រសួងដឹកជញ្ជូនរបស់ទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងនឹងចែករំលែកបច្ចេកវិទ្យា និងបទពិសោធន៍សាងសង់ផ្លូវដែករបស់ខ្លួនជាមួយប្រទេសវៀតណាម ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការផ្លូវដែកទ្វេភាគីជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
នៅក្នុងវេទិការួម ស្តីពីឧស្សាហកម្មផ្លូវដែកនៅទីក្រុងហាណូយប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយសម្រាប់កិច្ចសហប្រតិបត្តិការរាប់ចាប់ពីការរៀបចំគម្រោងសាងសង់ផ្លូវដែករហូតដល់ការថែទាំ។ នេះបើយោងតាមក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនរបស់កូរ៉េខាងត្បូង។
គណៈប្រតិភូធុរកិច្ចផ្លូវដែកកូរ៉េខាងត្បូងមួយដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក ផាក សាងវូ (Park Sang-woo) បានទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមតាំងពីថ្ងៃសុក្រសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការចូលរួមនូវសក្តានុពលរបស់ទីក្រុងសេអ៊ូលក្នុងគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ។
គម្រោងផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ដែលមានតម្លៃប្រមាណ ៩៥ពាន់ពាន់លានវ៉ុន (៦៤,៤ពាន់លានដុល្លារអាម៉េរិក) ត្រូវបានអនុម័តដោយសភាវៀតណាមកាលពីខែវិច្ឆិកា ឆ្មាំមុន ក្នុងគោលបំណងតភ្ជាប់ទីក្រុងឧស្សាហកម្មធំៗរបស់វៀតណាម ដែលរួមមានទីក្រុងហាណូយ ទីក្រុងដាណាង និងទីក្រុងហូជីមិញ។
នៅក្នុងដំណើរទស្សនកិច្ចនោះ លោក ផាក បានជួបជាមួយរដ្ឋមន្ត្រីក្រសួងសំណង់របស់ប្រទេសវៀតណាម លោក ត្រាន់ ហុងមីញ (Tran Hong Minh) និងបានពិភាក្សាអំពីការចូលរួមដែលអាចធ្វើទៅបានរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅក្នុងគម្រោងនេះ។
លោក ផាក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនៅក្នុងតំបន់ ដោយលោកបាននិយាយថា «គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនខាងជើង-ខាងត្បូងរបស់វៀតណាមនេះ គឺជាគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដែលបណ្តាក្រុមហ៊ុនានាអាចទទួលបានកិច្ចព្រមព្រៀងជាកញ្ចប់ពីការផ្តល់សញ្ញា ទំនាក់ទំនង ប្រព័ន្ធថាមពល និងការផ្គត់ផ្គង់យានយន្តដល់ប្រតិបត្តិការ និងថែទាំ និងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយវិជ្ជាជីវៈ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





