ជំនួយជាសកលត្រូវបានប្រើប្រាស់សម្រាប់ជំនួយសង្គ្រោះគ្រោះមហន្តរាយ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ -- បណ្តាប្រទេសមួយចំនួន និងសហគមន៍អន្តរជាតិ ដែលរួមមានទាំងប្រទេសចិន អង្គការសហប្រជាជាតិនិងអាស៊ាន កំពុងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមជួយសង្គ្រោះបរទេសកំពុងជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀតពីក្នុងចំណោមគំនរបាក់បែកក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងមួយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
គិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុន ក្រុមជួយសង្គ្រោះ និងក្រុមគ្រូពេទ្យមកពីប្រទេសមួយចំនួនដូចជាប្រទេបេឡារុស្ស សិង្ហបុរី ឥណ្ឌា ម៉ាឡេស៊ី និងថៃបាននិងកំពុងធ្វើការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកអ្នកដែលនៅរស់រានមានជីវិត។
មនុស្សប្រហែល ១.៧០០នាក់បានស្លាប់ ៣.៤០០នាក់បានរងរបួស និង ៣០០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយតួលេខនេះអាចកើនឡើងបន្ថែមទៀត។ នេះបើយោងតាមក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ។
ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់កាលពីរសៀលថ្ងៃអាទិត្យថា ជនជាតិចិនចំនួន ១៤នាក់បានរងរបួសនៅក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា។
យ៉ាងហោចណាស់ក្រុមជួយសង្គ្រោះបីនាក់មកពីចិនដីគោក និងតំបន់រដ្ឋបាលពិសេសហុងកុង បានគ្រប់គ្រងទីតាំងអ្នករបួសមួយចំនួននៅឯអគារដែលបាក់រលំក្នុងប្រទេសមីយ៉ាន់ម៉ា។ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមការងារយោធាដែលមានសមាជិក៧៩នាក់មកពីប្រទេសវៀតណាម ក៏បានចេញដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីរសៀលថ្ងៃអាទិត្យផងដែរ ដើម្បីជួយដល់ប្រតិបត្តិការរុករកនិងជួយសង្គ្រោះ និងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្រោយគ្រោះមហន្តរាយ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បាននិយាយកាលពីថ្ងៃអាទិត្យថា ព្រះរាជាណាចក្រកម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់បឋមចំនួន ១០០.០០០ដុល្លារអាម៉េរិកដល់ប្រទេសមីយ៉ាន់ម៉ា។
ឯប្រទេសនូវែលសេឡង់បាននិយាយថា ខ្លួននឹងបរិច្ចាគប្រាក់ចំនួន២លានដុល្លារនូវែលសេឡង់ (១,១៤លានដុល្លារអាម៉េរិក) តាមរយៈកាកបាទក្រហមអន្តរជាតិ ដើម្បីគាំទ្រដល់ការឆ្លើយតបបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





