មន្រ្តីរដ្ឋបាលព្រៃឈើ ធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ស្ថិតនៅជុំវិញតំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥-- រដ្ឋបាលព្រៃឈើ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងរដ្ឋបាលស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងអនុវត្តសកម្មភាព បង្ហាញនូវ វិធានការការពារ បង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ស្ថិតនៅជុំវិញតំបន់ ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ក្នុងភូមិសាស្រ្តស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលព្រៃឈើបានឱ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ថា សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃ ដល់ប្រជាពលរដ្ឋ និងសហគមន៍មូលដ្ឋាន ដោយផ្សារភ្ជាប់ទៅនឹងខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី “ការចូលរួមបង្ការ ទប់ស្កាត់ និងការពារភ្លើងឆេះព្រៃលិចទឹក ចម្ការឈើដាំ ចម្ការកៅស៊ូ និងចម្ការដំណាំគ្រប់ប្រភេទ” រួមទាំងផ្សព្វផ្សាយពីការងារ ដែលរដ្ឋបាលព្រៃឈើកំពុងអនុវត្តសាកល្បងនូវការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍សម្រាប់គ្រប់គ្រងភ្លើងឆេះព្រៃ។ ទន្ទឹមនោះ ក្រុមការងារបច្ចេកទេសក៏បានរៀបចំការអនុវត្តបង្ហាញអំពីការការពារ និងពន្លត់ភ្លើងឆេះព្រៃ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដោយប្រើប្រាស់សម្ភារ និងឧបករណ៍ ដែលជាជំនួយពីសាធារណរដ្ឋកូរ៉េ។

យុទ្ធនាការផ្សព្វផ្សាយនេះគាំទ្រដោយគម្រោងថ្នាក់តំបន់ ស្តីពី “បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់បន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងភ្លើងឆេះព្រៃនៅតំបន់ទន្លេមេគង្គ” ដែលទទួលបានជំនួយថវិកាពីមូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េ (MKCF) តាមរយៈអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO)៕


ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលព្រៃឈើ)





