រដ្ឋមន្ត្រីក្រសួងអប់រំណែនាំក្រុមការងារពាក់ព័ន្ធឱ្យបង្កើតគណៈកម្មការចុះជួយដល់សាលារៀនគោលដៅ ក្នុងគោលបំណងបំប៉នដល់គ្រូបង្គោល
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចប្រជុំត្រៀមអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃការសិក្សារបស់សិស្សឆ្នាំ២០២៥ នៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានណែនាំដល់ក្រុមការងារពាក់ព័ន្ធឱ្យបង្កើតគណៈកម្មការចុះជួយដល់សាលារៀនគោលដៅ រៀបចំផែនការចុះជួយដល់សាលារៀនគោលដៅ ក្នុងគោលបំណងបំប៉នគ្រូបង្គោលនៅតាមសាលារៀនគោលដៅ និងបំប៉នសិស្សានុសិស្សដែលមានអាយុ១៥ឆ្នាំឱ្យមានបំណិនក្នុងការរកចម្លើយ ឬឆ្លើយសំណួរតេស្តឱ្យបានលឿន និងត្រឹមត្រូវ ធ្វើតេស្តសាកល្បងដល់សិស្សទាំង៣៥នាក់នៅតាមសាលារៀនគោលដៅឱ្យបាន២ដងទៅ៣ដង ហើយក្រោយពីធ្វើតេស្តរួចមក ត្រូវណែនាំលោកគ្រូ អ្នកគ្រូ ដែលជាគ្រូបង្គោលឱ្យជួយពង្រឹងបន្ថែមលើចំណុចខ្វះខាតផ្សេងៗ និងធ្វើ តេស្តសាកល្បងម្តងទៀត។


ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារឱ្យខិតខំប្រឹងប្រែងលើចក្ខុវិស័យនេះ ដើម្បីឱ្យពិន្ទុមធ្យមភាគនៃការប្រឡងតេស្តឆ្នាំ២០២៥នេះលើសពីមធ្យមភាគពីឆ្នាំកន្លងទៅ ដើម្បីសបញ្ជាក់ពីការវិវឌ្ឍនៃគុណភាពអប់រំនៅកម្ពុជា និងបានបញ្ជាក់ថា ដើម្បីអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃការសិក្សារបស់សិស្សឱ្យមានប្រសិទ្ធភាពគឺទាមទារការពង្រឹងប្រព័ន្ធអប់រំទាំងមូលរួមមាន ការអនុវត្តកំណែទម្រង់សាលារៀន ការអភិវឌ្ឍគ្រូបង្រៀន ការពិនិត្យសៀវភៅសិក្សាគោលឡើងវិញ និងការកែលម្អវិធីសាស្ត្របង្រៀន ការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីជីថល ការអភិវឌ្ឍកម្មវិធីសិក្សា ការលើកកម្ពស់សុខភាព ការគាំទ្រ និងបំប៉នសិស្ស ជាពិសេសការថែទាំ និងការអប់រំកុមារតូច។

សូមជម្រាបជូនថា តេស្តសាកល្បង (PISA) គឺជាកម្មវិធីវាយតម្លៃអន្តរជាតិដែលរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ កម្មវិធីនេះត្រូវបានរៀបចំឡើងជារៀងរាល់៣ឆ្នាំម្តង ដើម្បីវាយតម្លៃចំណេះដឹង និងជំនាញរបស់សិស្សអាយុ១៥ឆ្នាំ ក្នុងមុខវិជ្ជាគណិតវិទ្យា អំណាន និងវិទ្យាសាស្ត្រ។ គោលបំណងចម្បងរបស់ PISA គឺដើម្បីវាយតម្លៃ និងកែលម្អប្រព័ន្ធអប់រំទូទាំងពិភពលោកដោយផ្តោតលើការធានាថា សិស្សទាំងអស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងមានប្រសិទ្ធភាពក្នុងសង្គម និងសេដ្ឋកិច្ច៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





