ក្រសួងអប់រំណែនាំស្តីពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរក្នុងឱកាសត្រៀមនិងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥--
ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ដូចជា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស និងរីកចម្រើន ព្រមទាំងចៀសវាងបាតុភាពផ្សេងៗនៅក្នុងឱកាសត្រៀមអបអរសាទរតាមរយៈសង្ក្រាន្តតាមគ្រឹះស្ថានសិក្សា និងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចខាងក្រោម៖
១) សូមបង្កលក្ខណៈឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរនៅមុន និងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិដូចជា របាំរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ របាំត្រុដិ។ល។ និងល្បែងប្រជាប្រិយខ្មែរមួយចំនួនដូចជា ល្បែងបោះអង្គញ់ ចោលឈូង ដណ្តើមស្លឹកឈើ ទាញព្រ័ត្រជាដើម។ ២) ណែនាំដល់លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជនជួយជំរុញលើកទឹកចិត្ត និងសម្របសម្រួលឱ្យប្អូនៗកុមារ សិស្សានុសិស្ស និងយុវជនលេងល្បែង និងរបាំប្រជាប្រិយខ្មែរទាំងឡាយដូចក្នុងចំណុចទី១ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ ៣) ហាមឃាត់ និងទប់ស្កាត់រាល់ល្បែងទាំងឡាយណាដែលមិនមែនជាល្បែង ឬរបាំប្រជាប្រិយខ្មែរ និងល្បែងមួយចំនួនដែលប្រឈមនឹងហានិភ័យ អសុវត្ថិភាព និងគ្រោះថ្នាក់ដូចជា ដុត ឬបាញ់ផាវ បាញ់ទឹក ជះទឹក លាបម្សៅ។ល។ និង ៤) សូមសហការជិតស្និទ្ធជាមួយមាតាបិតា ឬអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរដែនដី ដើម្បីផ្តល់ និងទទួលព័ត៌មាន រួមគ្នាទប់ស្កាត់ និងដោះស្រាយបញ្ហាទាន់ពេលវេលា។
ទទួលបានសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សហគមន៍ និងអ្នកពាក់ព័ន្ធទាំងអស់សូមចូលរួមសហការ ផ្សព្វផ្សាយ និងអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ៖ ចាន់ សុភឿន





