អាជ្ញាធរមីនកម្ពុជានិងចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ ២លានអឺរ៉ូ របស់ប្រទេសលុចសំបួ សម្រាប់ការគាំទ្រគម្រោងបោសសម្អាតមីន នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ --
អាជ្ញាធរមីន បានប្រកាសព័ត៏មាន នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹង អញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ ចំនួន ២លានអឺរ៉ូ របស់ ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាងព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។ នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖០០នាទីរសៀល នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ។
នៅក្នុងសេចក្ដីប្រកាសព័ត៏មាន ចេញថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា៖ ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីននៅកម្ពុជា ធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅ នឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់ មកកម្ទេចចោល និងរក្សាទុកជៀសវាងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទៅថ្ងៃក្រោយ ៕




ដោយ៖ សួស សំរិត





