កាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះមនុស្សធម៌២ខ្នង ជូនប្រជាពលរដ្ឋខ្វះខាតក្នុងស្រុកមង្គលបូរី
AKP បន្ទាយមានជ័យថ្ងៃទី៣១ខែមីនាឆ្នាំ២០២៥--
ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក និងយុវជនកាកបាទក្រហម ចុះប្រគល់ផ្ទះមនុស្សធម៌ចំនួន ២ខ្នង ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ នៅក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីប្រគល់ផ្ទះនេះ បានធ្វើឡើងនៅឃុំតាឡំ សម្រាប់គ្រួសារមួយ និងនៅឃុំឬស្សីក្រោក សម្រាប់គ្រួសារមួយទៀត ដោយមានការចូលរួមអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំទាំងពីរ។
ផ្ទះមនុស្សធម៌ដែលត្រូវបានប្រគល់ជូននាពេលនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន។ ផ្ទះនីមួយៗត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំ ធានាបាននូវលំនៅដ្ឋានសមរម្យសម្រាប់គ្រួសារដែលជួបការលំបាក។ ការផ្តល់ជូនផ្ទះនេះ គឺជាផ្នែកមួយនៃសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់របស់កាកបាទក្រហមកម្ពុជា ក្នុងគោលដៅជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។
ក្នុងឱកាស ឯកឧត្តម អ៊ុ រាត្រី បានថ្លែងនូវសេចក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ក្នុងការស្វែងរក និងផ្តល់ជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គី ស្រឡាញ់រាប់អាន និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក នៅក្នុងសង្គមខ្មែរ។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា ថ្ងៃនេះ គឺជាថ្ងៃដ៏ពិសេសមួយ ដែលយើងទាំងអស់គ្នាបានមកជួបជុំគ្នានៅទីនេះ ដើម្បីធ្វើជាសាក្សីនៃការប្រគល់ផ្ទះមនុស្សធម៌ដ៏មានតម្លៃចំនួនពីរខ្នង ជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងស្រុកមង្គលបូរី។ នេះគឺជាកាយវិការប្រកបដោយមនុស្សធម៌ដ៏ជ្រាលជ្រៅរបស់កាកបាទក្រហមកម្ពុជា ដែលតែងតែឈរនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសនៅពេលដែលពួកគាត់ជួបប្រទះនឹងភាពលំបាក។

ជាមួយនោះឯកឧត្តមអ៊ុរាត្រីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ តាមរយៈការផ្តល់នូវផ្ទះមនុស្សធម៌នេះ មិនត្រឹមតែជាការផ្តល់នូវទីជម្រកដ៏សមរម្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមថ្មីដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានអំណោយដ៏ថ្លៃថ្លានេះ។
ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលទទួលបានផ្ទះថ្មីនេះ នឹងខិតខំថែរក្សា និងប្រើប្រាស់ផ្ទះនេះឱ្យបានល្អ ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារក្នុងរយៈពេលយូរអង្វែង។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីយើងទាំងអស់គ្នាអាចរួមគ្នាជួយសម្រាលទុក្ខលំបាក និងកសាងសង្គមមួយដែលពោរពេញទៅដោយក្តីស្រឡាញ់ និងការចែករំលែក។


ទន្ទឹមនោះប្រជាពលរដ្ឋទាំងពីរគ្រួសារដែលទទួលបានផ្ទះមនុស្សធម៌ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុ រាត្រី ដែលបានផ្តល់នូវអំណោយដ៏មានតម្លៃនេះដល់ពួកគាត់។ ពួកគាត់បានប្តេជ្ញាចិត្តថែរក្សាផ្ទះនេះឱ្យបានល្អ និងខិតខំប្រកបរបរចិញ្ចឹមជីវិត ដើម្បីកែប្រែជីវភាពឱ្យកាន់តែប្រសើរឡើង។
សកម្មភាពប្រគល់ផ្ទះមនុស្សធម៌នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលងាយរងគ្រោះបំផុតនៅក្នុងសង្គម។

សូមបញ្ជាក់ថាផ្ទះមនុស្សធម៌ចំនួន២ខ្នង និងបង្គន់អនាម័យ ២ជូន គ្រួសារក្រីក្រ និងគ្រួសារចាស់ជរា ឈ្មោះលឹម ស៊ីណា ភេទស្រី អាយុ៤៤ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់ ស្រី៤នាក់ មានទីលំនៅក្នុងភូមិ ខ្លាខាំឆ្កែ ឃុំតាឡំ ស្រុកមង្គលបូរី (ផ្ទះមនុស្សធម៌ទី១៩)។
ឈ្មោះ ពៅ សេក ភេទស្រី អាយុ៨៣ឆ្នាំ មានបន្ទុកគ្រួសារចំនួន២នាក់ស្រី១នាក់ មានទីលំនៅក្នុងភូមិផាស៊ីស្រា ឃុំឫស្សីក្រោក ស្រុកមង្គលបូរី( ផ្ទះមនុស្សធម៌ទី២០ )។
ក្នុងពេលជាមួយគ្នានេះផងដែរ សាខា ក៏បាននាំអំណោយចែកជូនសម្រាប់ម្ចាស់ផ្ទះ២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ៥០ គីឡូក្រាម, មីជាតិ១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,ធុងទឹក៦០លីត្រ១,ឆ្នាំង២,ចានបាយ៥,ស្លាបព្រា៥,កន្ទេលជ័រ១សន្លឹក,មុង១,ភួយ១,សារុង១,ក្រមា១,និងថវិកា១០ម៉ឺនរៀល។ចំណែកគ្រួសារក្រីក្រ ចាស់ជរា ចំនួន១០គ្រួសារក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម,មីជាតិ១កេស,ត្រីខ១យួរ, ទឹកត្រី១យួរ, មុង១,ភួយ១,សារុង១,ក្រមា១,
និងថវិកា២ម៉ឺនរៀល៕
ដោយ៖ ឈុនសារ៉ាត





