ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥--
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលបានមកបំពេញបេសកកម្មការងារកាទូតនៅកម្ពុជា។ តាមរយៈវត្តមានឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ និងសង្ឃឹមជឿជាក់ថា ប្រជាជន និងកងទ័ពទាំងពីរ នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង នៃការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ កាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារជាតិ និងប្រជាជន នៃសាធារណរដ្ឋឥណ្ឌា ដែលជានិច្ចជាកាលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា ពិសេសការជួយបណ្ដុះបណ្ដាលធនធានមនុស្ស ដល់ជួរកងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ក៏ដូចជាពេលអនាគតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ឥណ្ឌា និងកម្ពុជា មានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យការពារជាតិ ជាវិស័យអាទិភាពសម្រាប់ប្រទេសទាំងពីរ ហើយឥណ្ឌាបានផ្តល់ដល់វិស័យការពារជាតិនេះ ជាវិស័យអាទិភាព។ នៅក្នុងគោលនយោបាយទិសខាងកើតរបស់ឥណ្ឌា គឺឥណ្ឌាចាត់ទុកប្រទេសកម្ពុជា ជាដៃគូដ៏មានសារៈសំខាន់ ហើយយើងតែងតែមានការផ្លាស់ប្តូរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ មកពីក្រសួងការពារជាតិទាំងពីរ។ ដោយសារមានកិច្ចសហប្រតិបត្តិការល្អ នៅក្នុងវិស័យការពារជាតិ ដូច្នេះហើយរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រសួងការពារជាតិឥណ្ឌា បានស្នើសុំឱ្យមានបង្កើតនូវការិយាល័យការពារជាតិ នៅក្នុងស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ហើយយើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ជាមួយក្រសួងការពារជាតិឥណ្ឌា ធ្វើយ៉ាងណាពន្លឿនការតែងតាំងអនុព័ន្ធយោធា ក្នុងការបង្កើននូវកិច្ចសហការបន្ថែមទៀត ជាមួយនឹងក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានស្នើសុំដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួយជ្រោមជ្រែងដល់ការបំពេញបេសកកម្ម របស់ឯកឧត្តមនៅកម្ពុជានេះ ដែលក្នុងអាណត្តិការទូតនៅកម្ពុជានេះ ទើបតែបានរយៈពេល២ខែមកនេះ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានទទួលយល់ព្រមឯកភាព តាមសំណើរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា លើការបង្កើតឱ្យមានការិយាល័យយោធា នៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងាការពារជាតិ និងឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានផ្លាស់ប្តូរនូវទស្សនៈពីគ្នាទៅវិញទៅមក ជុំវិញការពង្រឹង និងពង្រីកទំនាក់ទំនងដ៏រឹងមាំ នៅលើវិស័យការពារជាតិ នៃប្រទេសទាំងពីរបន្តទៅមុខទៀត៕
ដោយ សំ សាម៉ន





