ឯកឧត្តម អ៊ុន ចាន់ដា៖ មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីក្លាយជាដឹកនាំបន្តវេននាពេលអនាគត
AKP កំពង់ចាម ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើននិង កម្ពស់ពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យ កាន់តែមានសមត្ថភាពខ្ពស់ តាមរយៈការសិក្សា និង សកម្មភាពនានា ដើម្បីក្លាយជាដឹកនាំបន្តវេន នាពេលអនាគត មានកាន់តែច្រើន ពោលគឺយើងជាអ្នកដឹកនាំ ជាមន្ត្រី ត្រូវគោរពពេលវេលាធ្វើការ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន និងត្រូវពង្រឹងប្រសិទ្ធភាពការងារប្រកបដោយភាពទទួលខុសត្រូវខ្ពស់។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងដូច្នេះក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលអន្តរាគមន៍អភិវឌ្ឍន៍សមត្ថភាព សម្រាប់ក្រុមគោលដៅជាមន្ត្រីរាជការស៊ីវិលនៃរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ភាពជាថ្នាក់ដឹកនាំ ត្រូវដឹកនាំតាមបែប សិល្បៈ ធ្វើយ៉ាងណាត្រូវជំរុញមន្ត្រីក្រោមឱវាទឱ្យចេះធ្វើការ ឱ្យមានធនធានសម្រាប់ធ្វើការងារ និងឱ្យមន្ត្រីចេះសម្រេចចិត្តអារកាត់ប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាព នៃការងារ ក្រៅពីនោះត្រូវដឹកនាំមន្ត្រី ឱ្យខិតខំរួមគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុត៕

ដោយ ឆាយ ម៉ុត





