អ៊ីរ៉ង់បដិសេធចំពោះកិច្ចចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- នៅក្នុងលិខិតឆ្លើយតបមួយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាសូអ៊ូដ ប៉េសេហ្សគាន (Masoud Pezeshkian) បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់បានច្រានចោលទៅលើកិច្ចពិភាក្សាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងបានរំលឹកឡើងវិញនូវការត្រៀមខ្លួនរបស់ពួកគេក្នុងការបន្តកិច្ចសន្ទនាតាមរយៈអ្នកសម្របសម្រួល។
ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក ប៉េសេហ្សគាន ដែលបាននិយាយថា «ទោះបីជាកិច្ចចរចាដោយផ្ទាល់រវាងភាគីទាំងពីរត្រូវបានច្រានចោលក្នុងការឆ្លើយតបក៏ដោយ ប៉ុន្តែវាត្រូវបានចង្អុលបង្ហាញថា វិធីនៃកិច្ចចរចាដោយប្រយោលនៅតែបើកចំហ»។
អ៊ីរ៉ង់បានសង្កត់ធ្ងន់នៅក្នុងលិខិតឆ្លើយតបរបស់ខ្លួនថា សាធារណៈរដ្ឋអ៊ីស្លាមនេះមិនដែលគេចវេសពីកិច្ចចរចាដោយផ្ទាល់ទេ ហើយមានតែការសន្យាមិនបង្កឱ្យមានបញ្ហាទៅលើកិច្ចការនេះដែរ ដែលវាត្រូវតែដោះស្រាយដើម្បីស្ដារទំនុកចិត្តរវាងប្រទេសទាំងពីរ ខណៈដែលជោគវាសនានៃកិច្ចចរចានឹងត្រូវបានកំណត់ដោយអាកប្បកិរិយារបស់ជនជាតិអាម៉េរិក។
កាលពីថ្ងៃទី២៧ ខែមីនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាកជី (Abbas Araghchi) បាននិយាយថា ទីក្រុងតេអេរ៉ង់បានផ្ញើតាមរយៈប្រទេសអូម៉ង់នូវការឆ្លើយតបជាផ្លូវការចំពោះលិខិតរបស់លោក ត្រាំ ដែលផ្ញើទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាលី ខាំមេណី (Ali Khamenei)។ ការឆ្លើយតបមានឯកសារចំនួនពីរ។ ឯកសារទីមួយ បានរៀបរាប់អំពីទស្សនៈរបស់ទីក្រុងតេអេរ៉ង់ទៅលើស្ថានភាពពិភពលោកបច្ចុប្បន្ន ហើយឯកសារទីពីរ បានអធិប្បាយយ៉ាងពេញលេញចំពោះសំណើដែលមាននៅក្នុងលិខិតរបស់លោក ត្រាំ។
កាលពីថ្ងៃទី៧ ខែមីនា លោក ត្រាំ បានសរសេរនៅលើទំព័របណ្តាញសង្គម Truth Social របស់លោកថា លោកបានផ្ញើសារទៅកាន់លោក ខាំមេណី ដែលស្នើសុំកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។ ជាការឆ្លើយតប មេដឹកនាំអ៊ីរ៉ង់បានច្រានចោលចំពោះសំណើនេះ ដោយបានបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនចូលរួមក្នុងកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកឡើយ ព្រោះថាទីក្រុងវ៉ាស៊ីនតោនធ្វើដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





