ប៊ុលហ្គារីប្រារព្ធខួប ២១ឆ្នាំក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក រ៉ូសេន ហ្សេលីយ៉ាហ្សកូវ (Rosen Zhelyazkov) បាននិយាយនៅលើទំព័របណ្តាញសង្គមហ្វេសប៊ុក (Facebook) ផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រីប៊ុលហ្គារីថា ប្រទេសប៊ុលហ្គារីប្រារព្ធខួប ២១ឆ្នាំក្នុងនាមជាសមាជិកពេញសិទ្ធិរបស់អង្គការណាតូ ដែលជាសម្ព័ន្ធមិត្តនយោបាយយោធាខ្លាំងបំផុតនៅលើពិភពលោក ដែលជាអ្នកធានាដល់សន្តិសុខ ស្ថិរភាព និងសេរីភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន។
នាយករដ្ឋមន្ត្រីរូបនោះបានកត់សម្គាល់ថា «នៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០០៤ ប្រទេសរបស់យើងបានធ្វើជម្រើសជាយុទ្ធសាស្ត្រមួយដោយចូលរួមជាមួយសន្ធិសញ្ញាអាត្លង់ទិកខាងជើង រួមជាមួយនឹងប្រទេសចំនួនប្រាំមួយផ្សេងទៀតនៅអឺរ៉ុបខាងកើត។ នោះ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយដែលបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសប៊ុលហ្គារី ការការពារផលប្រយោជន៍ជាតិ និងវត្តមានរបស់ខ្លួនជាសម្ព័ន្ធមិត្តដែលអាចទុកចិត្តបានក្នុងការការពារសមូហភាព»។
លោក ហ្សេលីយ៉ាហ្សកូវ បាននិយាយថា «សព្វថ្ងៃនេះ នៅក្នុងបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញ សម្ព័ន្ធភាពនៅតែជាសសរស្តម្ភសំខាន់នៃសន្តិសុខរបស់យើង។ ប្រទេសប៊ុលហ្គារី ក្នុងនាមជាសមាជិកសកម្ម និងមានការទទួលខុសត្រូវ បានរួមចំណែកដល់ការពង្រឹងសម្ព័ន្ធភាព និងការកសាងកងកម្លាំងប្រដាប់អាវុធទំនើប និងត្រៀមប្រយុទ្ធ ដែលមានសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗចំពោះសន្តិសុខពិភពលោក»។
លោកបានបង្ហាញនូវទំនុកចិត្តថា អង្គការណាតូនឹងងើបចេញពីបញ្ហាប្រឈមនាពេលបច្ចុប្បន្ន ហើយកាន់តែរឹងមាំ ប្រកបដោយការរួបរួមគ្នា និងត្រៀមខ្លួនរួចជាស្រេចដើម្បីការពារសន្តិសុខរបស់ប្រជាពលរដ្ឋរបស់ខ្លួន។នៅក្នុងពាក្យរបស់លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អនាគតរបស់ប៊ុលហ្គារីត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងស្ថិរភាព សាមគ្គីភាព និងភាពជាដៃគូយូរអង្វែងជាមួយសម្ព័ន្ធមិត្តរបស់យើង។ លោកនាយករដ្ឋមន្ត្រីបានសរសេរថា «ខ្ញុំជឿជាក់ថា ការវិនិយោគនៅលើវិស័យការពារជាតិ សក្តានុពលរបស់មនុស្ស និងបច្ចេកវិទ្យា នឹងធានាបាននូវសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ»។
ការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលបាននិយាយថា នៅឯកិច្ចប្រជុំស្តីពី «សន្តិភាព និងសន្តិសុខសម្រាប់អ៊ុយក្រែន» ដែលបានធ្វើឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅទីក្រុងប៉ារីស ដែលលោកនាយករដ្ឋមន្រ្តីប៊ុលហ្គារីបានចូលរួមតាមការអញ្ជើញរបស់ប្រធានាធិបតីបារាំង លោកអេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) នោះ ប្រទេសប៊ុលហ្គារីបានស្នើឱ្យបង្កើត និងធ្វើជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសម្របសម្រួលដែនសមុទ្រពហុជាតិ ដើម្បីធានានូវសុវត្ថិភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខ្មៅភាគខាងលិច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





