មីយ៉ាន់ម៉ាស្នើសុំជំនួយអន្តរជាតិក្រោយមានគ្រោះរញ្ជួយដី និងការប្រកាសអាសន្ន
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានជំនួយមនុស្សធម៌អន្តរជាតិ និងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅទូទាំងតំបន់ចំនួនប្រាំមួយ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័របានវាយប្រហារប្រទេសនេះ និងបណ្តាប្រទេសជិតខាងមួយចំនួនកាលពីថ្ងៃទី២៨ ខែមីនា។
តំបន់ទាំងប្រាំមួយនោះរួមមាន ទីក្រុងសាហ្គែន ទីក្រុងមេនដាឡេ ទីក្រុងម៉ាកវ៉េ រដ្ឋស្សាន ទីក្រុងណៃពិដោរ និងទីក្រុងបាហ្គោ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ថា អគ្គមេបញ្ជាការ មីន អោងឡាំង (Min Aung Hlaing) បានទៅពិនិត្យមើលមន្ទីរពេទ្យមួយក្នុងទីក្រុងណៃពិដោរ ជាកន្លែងដែលជនរងគ្រោះដែលរងរបួសកំពុងត្រូវបានព្យាបាលបន្ទាប់ពីគ្រោះមហន្តរាយនោះ។
អាជ្ញាធរមីយ៉ាន់ម៉ាមិនទាន់បញ្ចេញព័ត៌មានផ្លូវការអំពីការខូចខាតនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅជម្រៅ ១០គីឡូម៉ែត្រ កម្រិតនៃផលប៉ះពាល់អាចខ្លាំង។រូបភាពដែលបានបង្ហោះនៅលើទំព័រសារព័ត៌មានអេឡិចត្រូនិករបស់ប្រទេសនេះ បានបង្ហាញពីអគារខ្ពស់ៗជាច្រើនបានផ្អៀង ឬដួលរលំ។ គេបានព្យាករណ៍ថា ការខូចខាតទ្រព្យសម្បត្តិអាចនឹងមានច្រើនណាស់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន DVP របស់មីយ៉ាន់ម៉ា បានឱ្យដឹងថា សណ្ឋាគារអ៊ុងប៉ាន នៅភាគខាងត្បូងរដ្ឋស្សាន បានដួលរលំបន្ទាប់ពីការរញ្ជួយដីនោះ ដោយបានសម្លាប់មនុស្សចំនួន ២នាក់ និងជាប់ក្នុងគំនរបាក់បែកចំនួន ២០នាក់ផ្សេងទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





