វៀតណាមធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ចក្រភពអង់គ្លេស
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំអាស៊ាន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន-ចក្រភពអង់គ្លេស (ASEAN-UK JCC) នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី កាលពីសប្តាហ៍មុន។
នេះជាកិច្ចប្រជុំ JCC លើកដំបូងក្រោមអធិបតីភាពរបស់វៀតណាមក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៧។
ជាផ្នែកមួយនៃភាពជាដៃគូសន្ទនា ចក្រភពអង់គ្លេសបាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគម្រោង និងគំនិតផ្តួចផ្តើមជាច្រើននៅទូទាំងវិស័យផ្សេងៗ។ ចំណុចសំខាន់មួយ គឺកម្មវិធីផ្លាស់ប្តូរបៃតងដែលមានថវិកាសរុបចំនួន ៤០លានអឺរ៉ូ (៥១លានដុល្លារអាម៉េរិក) ដែលគាំទ្រដល់អាស៊ានក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ការលើកកម្ពស់កំណើនសេដ្ឋកិច្ចបៃតង និងជួយដល់ក្រុមងាយរងគ្រោះ។
លើសពីនេះទៀត ចក្រភពអង់គ្លេសបានដាក់ចេញនូវគម្រោងជាច្រើនដែលមានថវិកាចាប់ពី ២៥-៣០លានអឺរ៉ូ រួមទាំងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស ជំនួយគំនិតផ្តួចផ្តើមសម្រាប់ការអប់រំកុមារីវ័យជំទង់ (SAGE) និងភាពជាដៃគូសន្តិសុខសុខភាពជាដើម។ កិច្ចសហប្រតិបត្តិការនេះក៏ពង្រីកដល់ផ្នែកមួយចំនួនទៀត ដូចជាផ្នែកស្ត្រីសន្តិភាព និងសន្តិសុខ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសេដ្ឋកិច្ចច្នៃប្រឌិតផងដែរ។
ខណៈដែលផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេសឆ្នាំ២០២២-២០២៦ ចូលដល់ឆ្នាំទី៤ របស់ខ្លួននោះ បន្ទាត់សកម្មភាពចំនួន១៧១ក្នុងចំណោម១៨១ (ប្រហែល ៩៥%) ត្រូវបានអនុវត្ត ដែលកើនឡើងជាង២០បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពទាំងនោះលាតសន្ធឹងនៅលើសសរស្តម្ភទាំងបីនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ នេះជាសញ្ញាវិជ្ជមានខណៈដែលភាគីទាំងពីរត្រៀមខ្លួនប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-ចក្រភាពអង់គ្លេសនៅឆ្នាំក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





