អាស៊ានសន្យាផ្តល់ជំនួយមនុស្សធម៌ចំពោះគ្រោះមហន្តរាយនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ -- អាស៊ានបាននិយាយកាលពីពេលថ្មីៗនេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនា។
អាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញនូវការអាណិតអាសូរ និងរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនមីយ៉ាន់ម៉ា និងថៃ ដែលបាននិយាយថា «អាស៊ានបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់ខ្លួនជាមួយក្រុមគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី»។
ដោយទទួលស្គាល់ពីតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌ អាស៊ានបាននិយាយថា កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការស្តារឡើងវិញរបស់ខ្លួនដែលរួមមានការដាក់ពង្រាយក្រុមឆ្លើយតប និងវាយតម្លៃពេលមានអាសន្នរបស់អាស៊ាន ការប្រើប្រាស់ប្រព័ន្ធភស្តុភារសង្គ្រោះបន្ទាន់នូវគ្រោះមហន្តរាយសម្រាប់អាស៊ាន និងការផ្តល់ជំនួយការស្វែងរក និងសង្គ្រោះ បានផ្អែកទៅលើអាទិភាពដែលបានកំណត់ដោយមីយ៉ាន់ម៉ា និងថៃ។
លើសពីនេះទៀត អាស៊ានបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធចំពោះកិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌។ ដោយមានការគាំទ្រពីមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ចំពោះការគ្រប់គ្រងគ្រោះមហន្តរាយ អាស៊ាននឹងជួយសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ និងធានាឱ្យមានការឆ្លើយតបផ្នែកមនុស្សធម៌ទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





